លោក ហ្សេលេនស្គី គំរាមសងសឹក ក្រោយការវាយប្រហាររបស់រុស្ស៉ីសម្លាប់មនុស្ស ៩នាក់

 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ប្រទេសរបស់លោកនឹងចាត់វិធានការឆ្លើយតបជាដាច់ខាត បន្ទាប់ពីការវាយប្រហាររបស់រុស្ស៉ីបាន សម្លាប់មនុស្ស យ៉ាងហោច ៨នាក់ ក្នុងតំបន់នៃរដ្ឋធានីកៀវ និងម្នាក់នៅក្នុងទីក្រុងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) កាលពីថ្ងៃពុធសប្ដាហ៍នេះ។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធ ទី២២ ខែមីនា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា«ជាការ ពិតណាស់ យើងនឹងចាត់វិធានការឆ្លើយតបទៅនឹងទង្វើបំផ្លិចបំផ្លាញរបស់ពួកឈ្លានពានទីក្រុង របស់ យើង…ការវាយប្រហារតាមផ្លូវអាកាសទាំងអស់របស់រុស្ស៉ី នឹងត្រូវទទួលរងត្រឡប់វិញនូវការឆ្លើយ តបទាំងយោធា នយោបាយ និងច្បាប់»

គួរបញ្ជាក់ថា ការវាយប្រហារដោយយន្ដហោះដ្រូនរបស់រុស្ស៉ី កាលពីថ្ងៃពុធ លើទីក្រុង ហ្ស៉ីឈីវ (Rzhyshchiv) ដែលស្ថិតនៅចម្ងាយ ៦៤គីឡូម៉ែត្រពីរដ្ឋធានីកៀវ ក៏បានបង្កឱ្យមនុស្ស៧នាក់ រងរបួសផងដែរ ខណៈប៉ុន្មានម៉ោងក្រោយមក អគារចំនួន២ បានរងការវាយប្រហារដោយគ្រាប់ មីស៊ីល នៅឯទីក្រុងហ្សាប៉ូរីសហ្ស៉ីយ៉ា ដោយមនុស្សម្នាក់បានស្លាប់ និង៣៣នាក់ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ៕