(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ បានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken)នៅថ្ងៃពុធសប្ដាហ៍នេះបានជំរុញឱ្យបណ្ដាប្រទេសជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ទាំងអស់ អនុវត្តតាមដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដែលចេញដោយ តុលាការអន្តរជាតិមួយនេះ។
កាលពីសប្ដាហ៍មុន តុលាការ ICC បានចោទប្រកាន់ និងចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទឧក្រិដ្ឋ កម្មសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បង្ខំបញ្ជូនកុមារអ៊ុយក្រែនរាប់រយនាក់ទៅកាន់ប្រទេសរុស្ស៉ី។ ការ អំពាវនាវឱ្យលោក ប្ល៊ីនខិន ធ្វើឡើងស្របទៅតាមកាតព្វកិច្ចដែលតម្រូវឱ្យរដ្ឋជាសមាជិក ICC ទាំង ១២៣ អនុវត្តដីកាចាប់ខ្លួន និងបញ្ជូនលោក ពូទីន ទៅកាន់ទីក្រុងឡាអេ ដើម្បីទទួលការជំនុំជម្រះ ប្រសិនបើលោក ពូទីន ស្ថិតនៅក្នុងប្រទេសជាសមាជិកណាមួយ។ លោក ប្ល៊ីនខិន បានគូសបញ្ជាក់ ដូច្នេះថា «ខ្ញុំគិតថាប្រទេសដែលជាភាគីនៃតុលាការ (ICC) និងមានកាតព្វកិច្ច គួរតែបំពេញ កាតព្វ កិច្ចរបស់ពួកគេ»។
ការលើកឡើងរបស់លោក ប្ល៊ីនខិន ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកព្រឹទ្ធសភា អាមេរិក លោក លីនស៉ី ក្រាហាំ (Lindsey Graham) ដែលបានសួរថាតើ រូបលោកនឹងជំរុញឱ្យ បណ្ដាប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុបចាប់បញ្ជូនខ្លួនលោក ពូទីន ដែរឬក៏យ៉ាងណា?
គួរបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិកមិនមែនជាភាគីរបស់តុលាការ ICC លោកប្រធានាធិបតី អាមេរិក ចូ បៃដិន កាលពីថ្ងៃសុក្រសប្ដាហ៍មុនបាននិយាយថាលោក ពូទីន ពិតជាបានប្រព្រឹត្តឧក្រិដ្ឋ កម្ម សង្រ្គាម ហើយថាដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ីរូបនេះគឺជារឿងត្រឹមត្រូវ៕