(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ និងជំរុញគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យ ឯកជនអង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការស្វែងយល់ និងជ្រួតជ្រាប ព្រមទាំងត្រូវបន្តចូលរួមចំណែក និងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ ជំងឺរបេង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ និងជំរុញគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការស្វែង យល់ និងជ្រួតជ្រាប ព្រមទាំងត្រូវបន្តចូលរួមចំណែក និងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ ជំងឺរបេង ក្នុងបុព្វហេតុ មិនត្រឹមតែរួមចំណែក លើកកម្ពស់សុខុមាលភាពរស់នៅ របស់ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សេដ្ឋកិច្ច សេចក្តីថ្លៃថ្នូរឧត្តមភាព និងកិត្យានុភាពរបស់កម្ពុជា ទៀតផង»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា «ខ្ញុំមានភាពជឿជាក់ថា កម្ពុជានឹងបន្តដំណើរឆ្ពោះទៅមុខ លើមូលដ្ឋានមួយកាន់តែរឹងមាំ ទូលំទូលាយ និងកាន់តែមានភាពម្ចាស់ការ ព្រមទាំងសម្រេចបាន ទិសដៅតាមផែនការដែលបានកំណត់»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាយើង នៅមានអត្រាឈឺ និងស្លាប់ដោយ សារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្ស ច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឲ្យយើងត្រូវបង្កើនល្បឿន នៃកិច្ច ខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឲ្យបានកាន់តែច្រើនថែមទៀត នូវអត្រា ឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណា ចក្រកម្ពុជា និងសកលលោក។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបន្ដថា ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញ បន្ថែមការយកចិត្តទុកដាក់ លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់ នេះ បានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជា ពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អ នឹងនាំឲ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាពរីកចម្រើនរុង រឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជាគឺ អាស្រ័យលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗ ដែលជាអនាគត របស់ប្រទេស។
សម្ដេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា ប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺ របេងបាន» ដែលបានលើកឡើងនៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ឲ្យពិភពលោកទាំងមូលមានជំនឿ យ៉ាងមុតមាំថា យើងទាំងអស់គ្នាអាចបញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គ្នារួបរួមបង្កើន ល្បឿនដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឱ្យមានសេវាថែទាំ បង្កើនការ ស្រាវជ្រាវនិងព្យាបាល ជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប ដែលតាមការ ប៉ាន់ស្មាននៅក្នុងពិភពលោក ក្នុងមួយឆ្នាំៗ មានប្រជាជនប្រមាណ ១០លាននាក់ កើតជំងឺរបេង ជាក់ស្ដែងក្នុងឆ្នាំ២០២១ នៅក្នុងពិភពលោកមានប្រជាជនប្រមាណ ១០លាន ៦សែននាក់ កើតជំងឺ របេង ប៉ុន្តែអ្នកជំងឺប្រហែល ៣លាន ទៅ ៤លាននាក់ ក្នុងមួយឆ្នាំៗ ពុំទាន់បានទទួលសេវាថែទាំ និងព្យាបាលនៅឡើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ជំងឺរបេងនៅតែឆក់យកអាយុជីវិតមនុស្សក្នុងមួយឆ្នាំៗ ប្រមាណ១ លាន ៤សែននាក់ (១ ៤០០ ០០០នាក់) ដែលរំពឹងថាប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ ជំងឺរបេងបាន» នេះ នឹងសំដៅជំរុញការស្រាវជ្រាវ រកឲ្យឃើញ និងព្យាបាលឱ្យជាសះស្បើយដល់ អ្នកជំងឺរបេងប្រមាណ ៣លានទៅ៤លាននាក់ ទៀតក្នុងមួយឆ្នាំៗ នៅក្នុងពិភពលោក ដែលពុំទាន់ បានទទួលសេវា។
យុទ្ធនាការទិវារបេងពិភពលោកឆ្នាំ២០២៣នេះ បន្តបំផុសឲ្យមនុស្សទាំងឡាយ នៅលើសកល លោកឲ្យមានការយល់ដឹងបន្ថែម និងធ្វើសកម្មភាពដោយរួមគ្នា និងមានលក្ខណៈសកម្មជាងមុន ដើម្បីឲ្យអ្នកសង្ស័យកើតជំងឺរបេងគ្រប់គ្នា ទទួលបាននូវការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងព្យា បាលជាសះស្បើយ ហើយនៅថ្ងៃអនាគត យើងនឹងឃើញពិភពលោកមួយ ដែលគ្មានជំងឺរបេង និងគ្មានអ្នកស្លាប់ដោយសារជំងឺរបេងទៀតទេ៕