(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មិនមាននរណាធ្វើឱ្យ ប្រទេសចិន ចុះខ្សោយនោះឡើយ ព្រោះចិនគឺជាប្រទេសមួយដែលមានប្រជាជាតិច្រើនជាងគេនៅ លើពិភពលោក ដែលមិនអាចមានអ្នកណាទៅរារាំងទៅលើការរីកចម្រើនលូតលាស់របស់ចិនបាន ឡើយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី ប្រគល់ សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះគឺថា បន់ឱ្យចិនចុះខ្សោយ ធ្វើឱ្យចិនចុះខ្សោយ តើអាច ទៅរួចទេ នៅក្នុងបញ្ហាដែលធ្វើឱ្យចិនចុះខ្សោយ វាមិនអាចទៅរួចទេ ចិនក៏ជាប្រទេសមួយដែលមាន ប្រជាជាតិច្រើនជាងគេនៅលើពិភពលោកផង អ្នកណាទៅអាចរារាំងចិនបានទៅលើការរីកលូតលាស់ របស់ចិន។ ខ្ញុំនៅតែចាំបានថា នៅទីក្រុងតូក្យូគឺគេដាក់សំណួរសួរខ្ញុំថាតើ អ្នកឯងមានការព្រួយបារម្ភ ដែរទេ ចំពោះមុខការគម្រាមកំហែងរបស់ចិន មុនពេលដែលចិនចូលអង្គការពាណិជ្ជកម្មពិភពលោក ហ្នឹងនៅក្នុងឆ្នាំ២០២១។ ខ្ញុំឆ្លើយថា អ្នកណា អ្នករារាំងការរីកចម្រើនចិនបាន?»
សម្តេចមានប្រសាសន៍ទៀតថា ភាពខ្លាំង និងការរីកចម្រើនលូតលាស់របស់ចិន បានផ្តល់ផល ចំណេញយ៉ាងច្រើន ដល់កម្ពុជា និងអាស៊ាន តាមរយៈការនាំចេញទំនិញ ការនាំចូលវត្ថុធាតុ (ក្រណាត់សម្រាប់ផលិតកម្មកាត់ដេរ) និងភ្ញៀវទេសចរដែលបានចេញដើរកម្សាន្ត ក្នុងនោះកម្ពុជា ទទួលបានភ្ញៀវទេសចរជាង២លាននាក់ មុនពេលរីករាលដាលជំងឺកូវីដ១៩។
សម្តេចមានប្រសាសន៍ថា ស្របពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន, កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន, និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ដែល ហៅថា RCEP បានធ្វើឱ្យចិនបានក្លាយជាទីផ្សារដ៏ធំសម្រាប់ប្រទេសអាស៊ាន និងកម្ពុជា ដែល សម្តេចកាត់សម្គាល់ថា អាស៊ានបាននាំចេញទៅប្រទេសចិន ច្រើនជាងចិននាំចូលមកប្រទេស អាស៊ានវិញ។
សម្តេចតេជោ មានប្រសាសន៍បន្ថែមថា «ចិនជាទីផ្សារធំណាស់ ផលចំណេញគឺបានមកទីផ្សារ អាស៊ាន អាស៊ាននាំទៅចិនច្រើនជាង ចិននាំចេញមកអាស៊ាន។ ចិនគឺជាប្រទេសដែលផ្គត់ផ្គង់វត្ថុធាតុដើម ឱ្យប្រទេសដែលមានមានផលិតកម្មដូចជាយើង ។វិស័យដេរ គឺ៨០%នៃសាច់ក្រណាត់ត្រូវបាននាំពីចិន។ អ៊ីចឹងបានគេឃើញ ចិនបាននាំចូលកម្ពុជា ច្រើនជាង កម្ពុជា នាំចេញទៅចិន តើមានមូលហេតុអី មូលហេតុស្ថិតនៅត្រង់បញ្ហាកម្ពុជាត្រូវការវត្ថុធាតុដើម របស់ចិន ដើម្បីមកធ្វើពលកម្ម កាត់ដេរនៅប្រទេសយើង ហើយយើងនាំចេញទៅប្រទេសផ្សេង។ គ្រាន់តែកូវីដ ដើមឆ្នាំ២០២០ ខ្ញុំសម្រុកសំណូមពរឱ្យចិន ផ្តល់អទិភាពផ្គត់ផ្គង់វត្ថុធាតុដើម គឺសាច់ ក្រណាត់មកកាន់កម្ពុជា ចិនបានខិតខំដើម្បីជួយយើង ហើយតាមរយៈយើង បានផ្គត់ផ្គង់ទៅកាន់ ទីផ្សារនានាផងដែរ។»
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងចិនសម្រេចបានជាង១១ពាន់លានដុល្លារ កើនឡើង៤.៤% ក្នុងនោះកម្ពុជានាំចេញ ទៅចិនក្នុងតម្លៃ ១.២ពាន់លានដុល្លារ និងចិននាំចូលកម្ពុជាវិញតម្លៃជាង១០ពាន់លានដុល្លារ៕