(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាខ្លួនមើល មិនឃើញនោះទេថាចិនអាចនឹងដើរតួនាទីជាអ្នកសម្រុះសម្រួលដោយអព្យាក្រឹតរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ នៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលនេះជាការរិះគន់ដោយផ្ទាល់ដំបូងបំផុតរបស់សហ រដ្ឋអាមេរិក ចំពោះចិនដែលកំពុងព្យាយាមលើកកម្ពស់តួនាទីជាអ្នកស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនគិតនោះទេថាអ្នកទាំងអស់គ្នាអាចសម្លឹងមើលប្រកបដោយហេតុផល ទៅចិនថាជាអ្នកសម្រុះសម្រួលអព្យាក្រឹត»។ លោក Kirby បន្ថែមថាចិនមិនបានរិះគន់រុស្ស៉ីនោះទេ ចំពោះសង្រ្គាមឈ្លានពានលើអ៊ុយក្រែន ហើយនៅតែបន្តទិញប្រេងពីរុស្ស៉ី ទោះបីជាលោកខាងលិច កំពុងប្រឹងប្រែងដាក់ទណ្ឌកម្មលើឧស្សាហកម្មថាមពលរបស់រុស្ស៉ី ក្នុងគោលដៅកាត់ផ្ដាច់ធនធាន ដែលវិមានក្រឹមឡាំងយកទៅបំប៉នសង្រ្គាមរបស់ខ្លួន ក៏ដោយ៕