(សិង្ហបុរី)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បញ្ជាក់ថា តម្លៃប្រេងឆៅប្រែប្រួលតិចតួចកាលពី ថ្ងៃអង្គារ បន្ទាប់ពីបានធ្លាក់ចុះនៅដើមវគ្គជួញដូរមុនដោយសារការព្រួយបារម្ភរបស់វិនិយោគិនថា បញ្ហាវិស័យធនាគារនាពេលថ្មីៗនេះនឹងដាក់បន្ទុកលើសេដ្ឋកិច្ចពិភពលោក និងដាក់កម្រិតលើតម្រូវ ការប្រេងឆៅ។
ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគត សម្រាកចែកចាយនៅខែឧសភាបានឡើងថ្លៃ ៥សេន ដោយត្រូវបានជួញដូរក្នុងតម្លៃ ៧៣,៨៤ ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃអង្គារ។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកក្នុងកិច្ចសន្យាអនាគតសម្រាកចែកចាយនៅខែឧសភាដូចគ្នាដែរនោះ បានឡើងថ្លៃ ៩សេនដល់ ៦៧,៧៣ដុល្លារក្នុងមួយបារ៉ែល។ នៅក្នុងវគ្គជួញដូរមុននេះ ទាំងប្រេងឆៅប្រភេទ Brent និង WTI បានធ្លាក់ចុះប្រហែល ៣ដុល្លារក្នុងមួយបារ៉ែល មុននឹងឡើងថ្លៃមកវិញ។
ការឡើងថ្លៃបន្តិចបន្តួចនៅថ្ងៃអង្គារនេះបានកើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមើលឃើញថា ធនាគារ UBS ដែលជាធនាគារធំជាងគេរបស់ប្រទេសស៊្វីសបានយល់ព្រមទិញ ធនាគារ Credit Suisse ក្នុងកិច្ចប្រឹងប្រែងដើម្បីជួយសង្គ្រោះធនាគារនេះ។
បន្ទាប់ពីការប្រកាសពីកិច្ចព្រមព្រៀងនេះ ធនាគារកណ្តាលធំៗ រួមទាំងធនាគារកណ្តាលរបស់ អាមេរិក និងធនាគារកណ្តាលអឺរ៉ុប បានឱ្យដឹងថា ពួកគេនឹងបង្កើនសាច់ប្រាក់ងាយស្រួលនៅក្នុង ទីផ្សារ និងគាំទ្រដល់ធនាគារដទៃទៀត។
ស្របពេលជាមួយគ្នានេះដែរ មន្ត្រីនានានិងក្រុមប្រទេស G7 បានឱ្យដឹងថា ក្រុមប្រទេស G7 ទំនង ជាមិនពិនិត្យមើលឡើងវិញនូវការកំណត់តម្លៃប្រេង ៦០ដុល្លារក្នុងមួយបារ៉ែលលើប្រេងរបស់រុស្ស៊ីដូច ការគ្រោងទុកនោះទេ។ ក្រុមមន្ត្រីទាំងនោះបាននិយាយថា ឯកអគ្គរដ្ឋទូតរបស់បណ្តាប្រទេសរបស់ សហភាពអឺរ៉ុបត្រូវបានគណៈកម្មការអឺរ៉ុបប្រាប់កាលពីចុងសប្តាហ៍មុនថា មិនមានការចង់បានខ្លាំង ក្នុងចំណោមក្រុមប្រទេសទាំងនេះឱ្យពិនិត្យមើលឡើងវិញជាបន្ទាន់នោះទេ។
អង្គការ OPEC+ ដែលរាប់បញ្ចូលទាំងសមាជិករបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និង សម្ព័ន្ធមិត្តនានា រួមទាំងរុស្ស៊ីផងដែរនោះ គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី៣ ខែមេសា។ កាលពីខែតុលា អង្គការ OPEC+ បានព្រមព្រៀងកាត់បន្ថយទិសដៅផលិតកម្មប្រេងចំនួន ២ លាន បារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕