(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ បានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាបន្ទាន់ជាមួយបណ្តាថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង ដែលបានបិទទ្វារ ឬព្យួរ ដើម្បីត្រៀមនូវកិច្ចអន្តរាគមន៍ដល់កម្មករ កម្មការិនីដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ។
ការណែនាំរបស់សម្តេចតេជោធ្វើឡើង ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពការសេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនោះអាមេរិក ទាំងអស់នៅអឺរ៉ុប បញ្ហានៅពេលនេះ ពិតមែនតែមិនធ្លាក់ចុះធ្ងន់ធ្ងរ ប៉ុន្តែបានកើតឡើងនូវបញ្ហាធ្ងន់ អតិផរណាទូទាំងសកលលោក ធ្វើឲ្យមនុស្សដែលមានប្រាក់ចំណូលខាតបង់យ៉ាងធ្ងន់ ដែលស្ថានភាពនេះ ការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង ពីខាងក្រៅមកក្នុងប្រទេសកម្ពុជា ត្រូវបានកាត់បន្ថយ ដែលធ្វើឲ្យរោងចក្រមួយចំនួនត្រូវបិទទ្វារ ឬព្យួរការងារកម្មករ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់កាលវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ ២០០៨-២០០៩ ដែលពេលនោះកម្ពុជា មានការបិទរោងចក្រមួយចំនួន ដោយរាជរដ្ឋាភិបាល បានបង្កើតឲ្យមានកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតមុខរបរថ្មីដល់កម្មករ កម្មការិនី។
ជាមួយគ្នានេះ នៅពេលជួបវិបត្តិកូវីដ១៩ ឆ្នាំ២០២០-២០២១ ដែលធ្វើខ្សែច្រវាក់ផលិតកម្ម ការបញ្ជាទិញ ការដឹកជញ្ជូន ការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់កម្ពុជា មានការលំបាក ធ្វើឲ្យរោងចក្ររាប់រយត្រូវបិទទ្វារ តម្រូវឲ្យរាជរដ្ឋាភិបាលរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិតដែលមានរោងចក្រត្រូវព្យួរ ឬបិទទ្វារ ដោយប្រើយន្តការរដ្ឋឧបត្ថម្ភ ៤០ដុល្លារ និងចៅកែរោងចក្រ ៣០ដុល្លារ។
សម្តេចតេជោបន្តថា បើតាមការទទួលបានព័ត៌មានពីសហជីពមួយ ដែលជាធ្វើការជាមួយកម្មករ បានឲ្យដឹងថាបច្ចុប្បន្ននេះ ចំនួនរោងចក្រដែលបានព្យួរមានការកើនឡើង នាំឲ្យកម្មករកម្មការិនី សំណូមពររាជរដ្ឋាភិបាល ជួយអន្តរាគមន៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញដល់រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថា «ត្រូវរួសរាន់ពិភាក្សាជាមួយម្ចាស់រោងចក្រដែលត្រូវបិទ ដើម្បីដាក់ចេញនូវអន្តរាគមន៍»។
សម្តេចតេជោបានថ្លែងថា រោងចក្រដែលព្យួរ ឬបិទទ្វារនៅពេលនេះ មិនច្រើនដូចសម័យកាល ដែលមានការរីករាលដាលជំងឺកូវីដ១៩ នោះទេ ដោយសម្តេចផ្តល់អនុសាសន៍ ឲ្យមានការដោះស្រាយជូនកម្មករ ដោយសម័យកាលកូវីដ១៩ ដោយពិភាក្សាជាមួយថៅកែរោងចក្រ រាជរដ្ឋាភិបាលអាចឧបត្ថម្ភ ៤០ដុល្លារ និងថៅកែរោងចក្រ ៣០ដុល្លារ ហើយគួរអនុវត្តន៍ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ៕