(វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋបាលលោក ចូ បៃដិន បានប្រកាសពីចំណាត់ ការ ដើម្បីបង្រ្កាបបទល្មើសពលកម្មកុមារ ដែលត្រូវបានរាយការណ៍ថា មានការកើនឡើងខ្លាំង ជាពិសេសការប្រើប្រាស់អនិតិជនដែលជាជនអន្តោប្រវេសន៍ នៅតាមឧស្សាហកម្មប្រឈមគ្រោះថ្នាក់ខ្ពស់របស់សហរដ្ឋអាមេរិក។
ក្រុមមន្រ្តីអាមេរិកបាននិយាយថា ក្រសួងការងារសហរដ្ឋអាមេរិក បានមើលឃើញការកើនឡើង ក្នុងអត្រាដល់ទៅជិត៧០ភាគរយ ពាក់ព័ន្ធការរំលោភបំពានច្បាប់ពលកម្មកុមារ គិតចាប់តាំងពីឆ្នាំ ២០១៨មក ក្នុងនោះរួមមានទាំងការធ្វើការងារនៅកន្លែងប្រឈមគ្រោះថ្នាក់ខ្ពស់ៗ។ នៅក្នុងឆ្នាំសារពើពន្ធកន្លងទៅនេះ ក្រុមហ៊ុនសរុបចំនួន៨៣៥ក្រុមហ៊ុន ត្រូវរកឃើញថាបានបំពាន ច្បាប់ពលកម្មកុមារ។
បើតាមការអះអាងរបស់ក្រុមមន្រ្តីដដែល គឺនាពេលនេះរដ្ឋបាលលោក បៃដិន កំពុងតែស៉ើប អង្កេតទៅលើការប្រើកុមារឱ្យធ្វើការងារនៅតាមរោងចក្ររបស់ក្រុមហ៊ុនផ្សេងៗ រួមមានទាំងក្រុមហ៊ុន ចំណីអាហារ Hearthside Food Solutions ហើយនិងក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់របស់ក្រុម ហ៊ុនផលិតរថយន្ត Hyundai Motor ជាដើម។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលអាមេរិកបានបង្កើតក្រុម ការងារពិសេសមួយ ដែលរួមមានសមាសភាពស្ថាប័នចម្រុះ ដើម្បីទទួលបន្ទុកបញ្ហាពលកម្មកុមារ ហើយគ្រោងនឹងកំណត់គោលដៅ លើឧស្សាហកម្មទាំងឡាយ ដែលសកម្មបំពានទំនងកើតមាន ឡើងញឹកញាប់ សម្រាប់ការស៉ើបអង្កេត៕