(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងការ ប្រារព្ធទិវាវប្បធម៌ជាតិ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
នេះបើតាម ឯកឧត្តម ឡុង ប៉ុណ្ណស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រ សិល្ប: ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៣។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានលើកឡើងថា តាមពិតទៅ ទិវាវប្បធម៌ជាតិ ត្រូវបាន កំណត់ធ្វើឡើង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែដោយសារឆ្នាំនេះ កុំឲ្យប៉ះពាល់ដល់ពេលវេលា របស់សិល្បករសិល្បការិនី សម្តេចតេជោ ហ៊ុន សែន ក៏សម្រេចចិត្តធ្វើមុន ១ថ្ងៃ។
ឆ្នាំ២០២៣នេះ ទិវាវប្បធម៌ជាតិ នឹងត្រូវធ្វើឡើង ជាលើកទី២៥ ក្រោមប្រធានបទ «យុវជនដើម្បី វប្បធម៌ជាតិ»។ លោក ឡុង ប៉ុណ្ណស៉ីរីវត្ថ បានអះអាងថា តាមការគ្រោងទុក នឹងមានសិល្បករ សិល្បការិនី ប្រមាណ ៤ពាន់នាក់ ចូលរួម អបអរសាទរទិវាវប្បធម៌ជាតិ។
ថ្ងៃ៣មីនា ជាទិវារំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកំលាំងកាយ កំលាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ៕