(ប៉េកាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា ចិន នៅថ្ងៃសុក្រនេះបានអំពាវនាវឱ្យរុស្ស៉ី និងអ៊ុយក្រែន ត្រឡប់មករកតុ ចរចាសន្តិភាពឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈទទូចជាថ្មីថាអាវុធ នុយក្លេអ៊ែរ មិនគួរត្រូវបានប្រើនៅក្នុងជម្លោះរវាងប្រទេសទាំង២ នោះទេ។
ចិន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងឯកសារមួយស្ដីពី «ផែនការសន្តិភាព» ចំនួន១២ចំណុច សម្រាប់ដោះស្រាយវិបត្តិនៅអ៊ុយក្រែន ចំពេលសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែនឈាន ចូលគម្រប់ខួបមួយឆ្នាំ នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះ។ នៅក្នុងឯកសារនេះដដែលដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសចិន ទីក្រុង ប៉េកាំង បានគូសបញ្ជាក់ដូច្នេះថា «គ្រប់ភាគីទាំងអស់គួរតែគាំទ្ររុស្ស៉ី និងអ៊ុយក្រែន នៅក្នុងការធ្វើ ការក្នុងទិសដៅតែមួយ និងការចាប់ផ្ដើមកិច្ចសន្ទនាដោយផ្ទាល់ ឡើងវិញឱ្យ បានឆាប់តាមដែលអាច ធ្វើទៅបាន»។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានសម្លុតគំរាមជាច្រើនលើកពីការប្រើអាវុធនុយក្លេអ៊ែរ នៅសង្រ្គាម។ ចិនមិនត្រឹមតែបង្ហាញការជំទាស់នឹងការប្រើអាវុធនុយក្លេអ៊ែរ ប៉ុណ្ណោះទេ តែក៏បាន ប្រឆាំងនឹងការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរផងដែរ។ «អាវុធនុយក្លេអ៊ែរ មិនគួរត្រូវបានប្រើនោះ ទេ…ហើយការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ ក៏គួរតែត្រូវបានប្រឆាំងជំទាស់ផងដែរ»។ នេះបើតាមឯកសារ ១២ចំណុចរបស់ចិន៕