តៃវ៉ាន់ថា មិនបានឃើញមានបាឡុងស៉ើបការណ៍របស់ចិន នោះទេ

 (តៃប៉ិ)៖  តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ គឺ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា តៃវ៉ាន់មិនបានសង្កេតឃើញ មានករណីបាឡុងស៉ើបការណ៍ណាមួយពីប្រទេសចិន ដែលស្រដៀងទៅនឹងការបាញ់ទម្លាក់នៅ ឯសហរដ្ឋអាមេរិកនោះទេ។

ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងបន្ថែមថា ភាគច្រើននៃបាឡុងកម្ពស់ខ្ពស់ដែលបានរកឃើញ នៅជិតកោះតៃវ៉ាន់ ត្រូវបានគេប្រើប្រាស់សម្រាប់គោលបំណងឧតុនិយមប៉ុណ្ណោះ ហើយមិនបាន បង្កការគំរាមកំហែងដល់សន្តិសុខដល់របស់ខ្លួននោះទេ។

គួរបញ្ជាក់ថាការស៉ើបអង្កេតលើឧប្បត្តិហេតុបាឡុងចិនដែលបាញ់ទម្លាក់ដោយយោធាសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននៅមិនទាន់បញ្ចប់នោះទេ ត្បិតភាគីទាំងពីរបានអះអាងពីគោលជំហរផ្សេង គ្នា។ ពេលនេះ សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណើរការពិនិត្យលើបំណែកនៃបាឡុង ដែលទើបនឹង ស្រង់ចេញពីផ្ទៃទឹក៕