ប្រមុខរដ្ឋឡាវ ពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ

 (វៀងច័ន្ទ, ឡាវ)៖ ប្រមុខរដ្ឋរបស់ឡាវ លោក ថងលុន ស៊ីសូលីត បានបង្ហាញនូវក្តី​សោមន​ស្សរីក រាយ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសឡាវ។ ប្រមុខរដ្ឋឡាវ បានចា​ត់​ទុកដំណើរទស្សនកិច្ចសម្តេច តេជោ មានគុណតម្លៃ និងសារៈសំខាន់ក្នុងការធ្វើឱ្យកាន់​តែ​ប្រសើរ​ឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។

ការគូសរំលេចបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោក ថងលុន ស៊ីសូលីត នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ។

ក្នុងជំនួបនេះ លោកបណ្ឌិត ថងលុន ស៊ីសូលីត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ​បំផុតចំពោះ វត្តមានដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានឆ្លើយតប​តាម​ការអញ្ជើញ ដើម្បី បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវនាពេលនេះ។

តាមរយៈសម្តេចតេជោនាយករដ្ឋមន្ត្រី, ប្រមុខរដ្ឋឡាវ បានសូមគោរពយាងព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈ ស្តេចយាង បំពេញ​ព្រះរាជ​ទស្សន កិច្ចផ្លូវរដ្ឋនៅរដ្ឋធានីវៀងច័ន្ទ តាមពេលវេលា​ដ៏សមស្រប​នាពេល​ខាងមុខ។

ប្រមុខរដ្ឋឡាវ ក៏បានសំដែងការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន នៃទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ ប្រមុខរដ្ឋឡាវ ដែលបាន​ទទួល​បដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុត ចំពោះសម្តេច​ និងគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ​ចំពោះការរីកចំរើនរបស់ ប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្ស និងប្រជាជនឡាវ។

ប្រមុខរដ្ឋឡាវ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រមុខរដ្ឋាភិបាល នៃប្រទេស ទាំងពីរ ដែលឈានទៅចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្ត សម្រាប់​បម្រើឱ្យផលប្រយោជន៍ របស់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ឡាវ។

បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររួចហើយនោះ លោកបណ្ឌិត ថងលុន ស៊ីសូលីត ប្រមុខរដ្ឋឡាវ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់ប្រទេសឡាវ ដែលមាន ឈ្មោះថា «មេដាយផូសៃឡានសាង ឬពរជ័យឡានសាង» ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាការដឹង និងថ្លែងអំណរគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់​សម្តេច តេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ។ ជាពិសេសក្នុងដំណាក់នៃការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩។

ក្នុងដំណាក់កាលនោះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំងជិត ១លានដូស ផ្តល់រថ យន្តដឹកវ៉ាក់សាំងប្រមាណ ១០គ្រឿង សម្ភារៈវេជ្ជសាស្រ្ត និងការកៀរគរសប្បុរសជនកម្ពុជា ជួយ ផ្តល់នូវថវិកាសរុបប្រមាណ ១៣លានដុល្លារ ជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដោះស្រាយការ លំបាក និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕