(ញូវដេលី)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ ឥណ្ឌា បានប្រកាសបង្កើនកញ្ចប់ថវិកាយោធាដល់ ៥.៩៤ទី្រលានរូពី ឬស្មើនឹងជាង ៧២.៦ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធពី២០២៣ ដល់ឆ្នាំ២០២៤ ដែលនេះកើនឡើង១៣ ភាគរយ បើធៀបទៅនឹងការវាយតម្លៃកន្លងមក។
បើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោកស្រី នៀម៉ាឡា ស៉ីថារ៉ាម៉ាន់ (Nirmala Sitharaman) តាម រយៈការបង្កើនកញ្ចប់ថវិកាយោធាខាងលើ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី មានគោលដៅចម្បងក្នុងការបង្កើនចំនួនអាវុធថ្មីៗ ដូចជាយន្ដហោះចម្បាំង នាវាចម្បាំង និងបរិក្ខារ យោធាធុនធ្ងន់ជាច្រើនទៀត នៅចំពោះមុខភាពតានតឹង នៅឯតំបន់មានជម្លោះព្រំដែនជាមួយចិន។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានបង្កើនកញ្ចប់ថវិកាយោធាជាបន្តបន្ទាប់ ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ខណៈបង្ហាញពីការ ប្ដេជ្ញាចិត្តនៃរដ្ឋាភិបាលរបស់លោក ក្នុងការជំរុញឧស្សាហកម្មផលិតអាវុធនៅក្នុងស្រុក។
ប៉ុន្តែទោះជាបែបនេះក្ដី គិតជាសរុប កញ្ចប់ថវិកាយោធាឥណ្ឌា ត្រូវបានវាយតម្លៃថាមានប្រហែលជា ២ភាគរយនៃផលិតផលនៅក្នុងស្រុក GDP តែប៉ុណ្ណោះ ពោលគឺនៅមានចំនួនតិចជាងចិន ដែលមាន កញ្ចប់ថវិកាយោធាជាង ២៣០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២២កន្លងទៅនេះ៕