(មូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ ២០២៣ ប្រាប់អោយដឹងថា នៅថ្ងៃអាទិត្យនេះ រុស្ស៉ីបានប្រកាសថា ខ្លួននឹងមិនបើកកិច្ចពិភាក្សា ជាមួយជប៉ុន ជុំវិញការបន្តឡើងវិញនូវកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យក្រុមអ្នកនេសាទជប៉ុន ធ្វើប្រតិបត្តិការនៅក្បែរតំបន់កោះមានជម្លោះនោះឡើយ ក្រោមហេតុផលថា ទីក្រុងតូក្យូបានប្រកាន់ ចំណាត់ការប្រឆាំងទីក្រុងមូស្គូ។
តំបន់ទីប្រជុំកោះ ដែលស្ថិតនៅក្បែរកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ត្រូវរុស្ស៉ី ហៅថា ទីប្រជុំកោះគូរីល (Kurils) ហើយជប៉ុនផ្ទាល់ហៅថា ទីប្រជុំកោះភាគខាងជើង ខណៈវាគឺជា បញ្ហាស្នូលចម្បងបំផុត នៅក្នុងភាពតានតឹងដែលអូសបន្លាយអស់ពេល រាប់ទសវត្សរ៍រវាងប្រទេស ជិតខាងទាំងពីរ។
កាលពីខែមិថុនា ឆ្នាំ២០២២ រុស្ស៉ីបានផ្អាកកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ១៩៩៨ ដែលអនុញ្ញាតឱ្យ ទូកនេសាទជប៉ុន អាចធ្វើសកម្មភាពក្បែរទីប្រជុំកោះខាងលើ ហើយប្រធានគណៈរដ្ឋមន្រ្តីជប៉ុនបាន និយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ទីក្រុងតូក្យូចង់ឱ្យរុស្ស៉ីយល់ព្រមចំពោះកិច្ចពិភាក្សា ដើម្បីឱ្យ ប្រតិបត្តិការនេសាទ អាចចាប់ផ្តើមឡើងវិញបានក្នុងឆ្នាំនេះ។
យ៉ាងណាមិញ ក្រសួងការបរទេសរុស្ស៉ី បានសេចក្តីថ្លែងការណ៍ថា «ក្នុងបរិបទនៃចំណាត់ការប្រឆាំង រុស្ស៉ី ដែលប្រកាន់យកដោយរដ្ឋាភិបាលជប៉ុន ភាគីរុស្ស៉ីបានជូនដំណឹងដល់ទីក្រុងតូក្យូថា ខ្លួនមិនអាច យល់ព្រមលើការបើកកិច្ចពិភាក្សា ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះវិញឡើយ»។ ទីក្រុងមូស្គូបានបន្តថា វានឹងមិនអាចមានភាពប្រសើរឡើងក្នុងចំណងទាក់ទងនោះទេ លុះត្រាតែជប៉ុនបង្ហាញការគោរព ចំពោះរុស្ស៉ី និងក្តីបំណងជាក់ស្តែងដើម្បីស្តារទំនាក់ទំនងទ្វេភាគី៕