(អ៉ីស្លាម៉ាបាដ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់ចំនួន២ បានកើតឡើងគាប់ជួនគ្នា នាថ្ងៃអាទិត្យនេះ នៅឯប្រទេសប៉ាគីស្ថាន ដោយក្នុងនោះ មួយករណីគឺរថយន្តក្រុង១គ្រឿង បានបើក ធ្លាក់ពីលើស្ពានរួចឆាបឆេះឡើង ជាហេតុនាំឱ្យមនុស្សជាង៤០នាក់ស្លាប់ ខណៈមួយករណីទៀតគឺ ក្មេងៗ១០នាក់ បានបាត់បង់ជីវិត ក្រោយទូកដែលពួកគេជិះបានលិច។
សម្រាប់ទីតាំងនៃករណីរថយន្តបើកធ្លាក់ស្ពាន គឺស្ថិតនៅខេត្តបាឡូជីស្ថាន (Balochistan) ភាគខាង ត្បូងប្រទេស។ រថយន្តក្រុងនោះដែលផ្ទុក មនុស្សសរុប៤៨នាក់ បានជួបគ្រោះថ្នាក់នៅតាមផ្លូវធ្វើ ដំណើរចេញពីរដ្ឋធានីកេតា (Quetta) នៃខេត្តបាឡូជីស្ថាន ឆ្ពោះទៅកាន់ទីក្រុងការ៉ាជី (Karachi)។ សាកសព៤១នាក់ ត្រូវយកបានចេញពីក្នុងរថយន្ត ខណៈមនុស្សចំនួនទៀត បានរងរបួស។
ដោយឡែក នៅខេត្តមួយផ្សេងទៀតភាគពាយព្យប្រទេសប៉ាគីស្ថាន កុមារចំនួន១០នាក់ បានបាត់ បង់ជីវិត បន្ទាប់ពីទូកធ្វើដំណើររបស់ពួកគេ បានលិចនៅបឹងតានដាដាំ (Tanda Dam) ហើយពួកគេមានអាយុចន្លោះ៧-១៤ឆ្នាំ។ ចំណែកឯក្មេងៗ១១នាក់ ក៏ត្រូវបានជួយសង្រ្គោះចេញពីទឹកផងដែរ ក្នុងនោះ៦នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទូកដែលជួបគ្រោះថ្នាក់នោះ ផ្ទុកសិស្សសាលាសរុប ចន្លោះ២៥-៣០នាក់។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ តែងកើតមានឡើងជាញឹកញាប់នៅក្នុងប្រទេសអាស៊ីខាងត្បូង មួយនេះ។ តួយ៉ាងកាលពីខែមិថុនា ឆ្នាំមុន មនុស្សយ៉ាងហោច២២នាក់បានស្លាប់ ក្នុងនោះរួមមាន ទាំងសមាជិក៩នាក់នៃគ្រួសារមួយ នៅពេលរថយន្តដឹកអ្នកដំណើរ១គ្រឿង បានធ្លាក់ចូលទៅក្នុង ជ្រោះជ្រៅ។ ចំណែកនៅខែកក្កដា ឆ្នាំដដែល មនុស្ស១៨នាក់បានបាត់បង់ជីវិត នៅពេលទូកមួយ គ្រឿងដឹកមនុស្សច្រើនកកកុញបានលិច៕