(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Kim Chang-yup ប្រធានការិយាល័យកណ្តាល នៃអង្គការ KOFIH នៅប្រទេសកូរ៉េ បានថ្លែងប្ដេជ្ញាចិត្ដជួយបន្ដការគាំទ្រ និងសហការជាមួយក្រសួងសុខាភិបាល ក្នុង ការលើកកម្ពស់សុខាភិបាល ពិសេសបន្ដពង្រីកកម្មវិធីផ្សេងៗទៀតដល់ខេត្ដគោលដៅចំនួន៣ រួម មាន បាត់ដំបង បៃលិន និងខេត្ដពោធិ៍សាត់។
ការថ្លែងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួង សុខាភិបាល តំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងសុខាភិបាល។
លោកបានថ្លែងបន្ដថា KOFIH នឹងប្តេជ្ញាបន្តគាំទ្រ និងសហការជាមួយក្រសួងសុខាភិបាល នៅ ក្នុងខេត្តគោលដៅចំនួនបីបន្ថែមទៀត ខេត្ដបាត់ដំបង បៃលិន និងខេត្ដពោធិ៍សាត់ ដែលជាខេត្ដ ដែលបានអនុវត្ដគម្រោងជួយឧបត្ថម្ភកន្លងមក និងពង្រីកទៅកម្មវិធីផ្សេងៗទៀតឱ្យកាន់តែទូលំ ទូលាយ។
តំណាងឱ្យ KOFIH លោកបានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលតែងតែសហការ និងផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងនានា ដែលសបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ទន្ទឹមនឹងនោះលោកជំទាវ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់អង្គការ KOFIH ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្ដិ បានគូសបញ្ជាក់ថា KOFIH បានគាំទ្រវិស័យសុខាភិបាលចាប់ តាំងពីឆ្នាំ២០១២
តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា រួមមាន៖
*គម្រោងសាងសង់អគារផ្នែកសុខភាពមាតា
និងកុមារក្នុងមន្ទីរពេទ្យបង្អែកមោងឫស្សី រួមមានការ សាងសង់អគារ
និងបំពាក់សម្ភារៈបរិក្ខារពេទ្យ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនា ឆ្នាំ២០១៤។
*គម្រោងសាងសង់សាលាភូមិភាគសុខាភិបាលបាត់ដំបង សរុបថវិកាចំនួន
និងបានសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនាឆ្នាំ២០១៦។
*គម្រោងកម្មវិធីសុខភាពមាតា និងកុមារនៅខេត្តបាត់ដំបង ឆ្នាំ២០១៤-២០១៥
បានអនុវត្តចប់ នាឆ្នាំ២០១៥ និងបន្តឆ្នាំ២០១៦-២០១៧
ព្រមទាំងបានអនុវត្តចប់នាឆ្នាំ២០១៧។
លើសពីនោះ KOFIH បានបន្តកិច្ចសហប្រតិបត្តិការ ដោយបានពង្រីកតំបន់គោលដៅគឺគម្រោង ពង្រីកកម្មវិធីសុខភាពមាតា និងកុមារទៅខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ រយៈពេល ២០១៧-២០២១ បាននឹងកំពុងអនុវត្ត ព្រមទាំងបានពង្រីកកម្មវិធីបន្ថែម គឺគម្រោងធ្វើឱ្យប្រសើរ ឡើងប្រព័ន្ធសេវាថែទាំ ព្យាបាលជំងឺមិនឆ្លង ដែលបាននឹងកំពុងអនុវត្តនៅខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ មានរយៈពេល ២០២១-២០២៥។
លោកជំទាវ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានលើកឡើងទៀតថា ក្នុងកាលៈទេសៈ ដែលកម្ពុជា និងពិភពលោកទាំងមូលបានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ KOFIH ក៏បានជួយដល់ខេត្តគោលដៅទាំងបីរបស់ខ្លួនដែរ ដូចជាផ្នែកមន្ទីរពិសោធន៍ និងសម្ភារៈបរិក្ខារ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ។
ជាការឆ្លើយតបលោកវេជ្ជបណ្ឌិត Kim Chang-yup ក៏បានថ្លែងអបអរសាទរ និងកោតសរសើររាជ រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាល ដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យ ក្រោម ការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្ម ភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១៕