ឡេតូនី ជំរុញឲ្យលោកខាងលិច បង្កើនជំនួយយោធាសម្រាប់អ៊ុយក្រែន ត្រៀមទប់ទល់នឹងការវាយលុកសាជាថ្មីពីរុស្ស៉ី

 (រីហ្កា)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីនៃប្រទេសឡេតូនី បានជំរុញឲ្យប្រទេសលោកខាងលិច បង្កើនការគាំទ្រផ្នែកយោធាដើម្បីពង្រឹងសមត្ថភាពអ៊ុយក្រែន ត្រៀមឆ្លើយតបទៅនឹង ប្រតិបត្តិការ វាយលុកសាជាថ្មីណាមួយរបស់រុស្ស៊ី ដែលអាចនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខ។

ថ្លែងនាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃចន្ទសប្តាហ៍នេះ លោក អ៉ីហ្គីល ឡេវីតស៍ (Egils Levits) ប្រធានាធិបតីឡេតូនី បានគូសបញ្ជាក់ថា «យើងគួរតែ ផ្តល់ការគាំទ្រចាំបាច់ទាំងអស់ ដល់អ៊ុយក្រែន ជាពិសេសគឺដោយសារតែរុស្ស៊ីកំពុងរៀបចំយុទ្ធសាស្រ្តវាយលុយថ្មី ដែលអាចនឹង កើតឡើងនៅក្នុងខែកុម្ភៈ និងខែមីនា ហើយ អ៊ុយក្រែនគួរតែមានអាវុធចាំបាច់ទាំងអស់ និងការគាំទ្រ នានាដើម្បីទប់ទល់នឹងការវាយប្រហារបែបនេះ។ ដូច្នេះរថក្រោះទាំងអស់គួរតែត្រូវបានផ្តល់ឲ្យអ៊ុយក្រែន នៅពេលដែលអាចធ្វើទៅបាន»

ការអំពាវនាវនេះធ្វើឡើងប៉ុន្មានថ្ងៃមុនពេលរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសលោកខាងលិច នឹងត្រូវជួបប្រជុំនៅឯមូលដ្ឋានទ័ពអាកាសរ៉ាំស្តែន (Ramstein) របស់សហរដ្ឋអាមេរិក ក្នុងប្រទេស អាល្លឺម៉ង់ ដើម្បីពិភាក្សាគ្នាពីជំនួយយោធាសម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ថា ការអំពាវនាវរបស់ប្រទេសឡេតូនីបានកើតឡើង តំណាលគ្នានឹងចក្រភពអង់គ្លេស ដែលបានក្លាយជាប្រទេសលោកខាងលិចដំបូងគេ ដែលបានសន្យា បញ្ជូនរថក្រោះធុនធ្ងន់ទៅឱ្យ អ៊ុយក្រែន។ រីឯប៉ូឡូញ និងហ្វាំងឡង់ ក៏បានបង្ហាញពីឆន្ទៈក្នុងការផ្តល់ឲ្យទីក្រុងកៀវនូវរថក្រោះ ផលិតដោយអាល្លឺម៉ង់ ប៉ុន្តែប្រការនេះតម្រូវឲ្យមានការយល់ព្រមពីទីក្រុងបែរឡាំងជាមុនសិន៕