មន្ត្រីជំនាញអ៊ុយក្រែន ចាប់ផ្តើមសិក្សាជំនាញបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមបើកវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន ហើយ។
ពិធីបើកវគ្គហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC និងប្រធានអង្គការ JICA នៅកម្ពុជា។
ការសិក្សា និងហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់មន្ត្រីអ៊ុយក្រែននេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ សកម្មភាពមីនមនុស្សធម៌លើវិស័យដោះមីននេះ កើតចេញពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ក្នុងជំនួបទ្វេភាគី ក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សេចក្តីប្រកាសព័ត៌មានរបស់ CMAC ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ផលប៉ះពាល់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ លើទឹកដីអ៊ុយក្រែន ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត និងកំពុងក្លាយជាឧបសគ្គសម្រាប់ប្រជាជនអ៊ុយក្រែ​ន ហើយកិច្ចខិតខំប្រឹងប្រែងបោសសម្អាតទាមទារ ឱ្យមានការតស៊ូ និងការអត់ធ្មត់ ដោយត្រូវការពេលវេលាយូរ ដើម្បីសុវត្ថិភាព និងស្តារជីវភាពឡើងវិញរបស់ប្រជាពលរដ្ឋអ៊ុយក្រែន។
ប្រទេសកម្ពុជា ឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍ ដែលបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់រាយប៉ាយនៅទូទាំងប្រទេស។ ដោយសារតែបទពិសោធន៍ និងការឈឺចាប់នៃផលប៉ះពាល់ដោយសារសង្គ្រាម ដែលបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីន ជាសកម្មភាពមនុស្សធម៌ មានសារៈសំខាន់សម្រាប់ជួយដល់ប្រទេស និងប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយសារសង្គ្រាម ដូចកម្ពុជាកាលពីជាង ៣០ឆ្នាំមុនដែរ។
សូមជម្រាបថា មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែន ចាប់ផ្តើមហ្វឹកហ្វឺនជំនាញដោះមីន រយៈពេលពេញមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង, ធ្វើទស្សនកិច្ចតាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងសៀមរាបជាដើ​ម៕