(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ អោយដឹងថា សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សសាធាណរដ្ឋបាន បោះឆ្នោតបើកការស៊ើបអង្កេតមួយលើអ្វីដែលពួកគេបានចោទប្រកាន់ថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រើប្រាស់ស្ថាប័នមួយចំនួននៃរដ្ឋាភិបាលសហព័ន្ធ ជាឧបករណ៍នយោបាយ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ។
ក្រុមអ្នកសាធារណរដ្ឋ ធ្លាប់បានសន្យាថាពួកគេនឹងប្រើប្រាស់សំឡេងភាគច្រើន នៅក្នុងសភា តំណាងរាស្ត្រអាមេរិក ដើម្បីបើកការស៊ើបអង្កេតលើក្រសួងយុត្តិធម៌អាមេរិក ការិយាល័យស៊ើប អង្កេតសហព័ន្ធ (FBI) រួមទាំងស្ថាប័នសហព័ន្ធមួយចំនួនទៀត ដែលបានដឹកនាំការស៊ើបអង្កេត ប្រឆាំងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអ្នកគាំទ្ររបស់លោកដែលបានចូលអុក ឡុក វិមានកាពីតូល (Capitol) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
នៅក្នុងការបោះឆ្នោតនៅថ្ងៃអង្គារសប្ដាហ៍នេះ សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្ស សាធាណរដ្ឋ បានសម្រេចបង្កើតអនុគណៈកម្មាធិការមួយដែលនឹងទទួលបន្ទុកបើក ការស៊ើបអង្កេត លើស្ថាប័នមួយចំនួននៅក្រោមរដ្ឋបាលលោក ចូ បៃដិន ដែលក្រុមអ្នកសាធារណរដ្ឋចោទថាប្រើ ប្រាស់ FBI ជាឧបករណ៍នយោបាយប្រឆាំងលោក ដូណាល់ ត្រាំ។ បន្ថែមពីលើនេះ ក្រុមអ្នកសាធា រណរដ្ឋក៏នឹងបើកការស៊ើបអង្កេតផងដែរលើចោទប្រកាន់ដែលថារដ្ឋបាលលោក ចូ បៃដិន បានដាក់ សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ឱ្យរឹតត្បិតទស្សនៈដែលផ្ទុយនឹងគោល នយោបាយសេតវិមាន៕