ទាហានអ៊ុយក្រែន នឹងទទួលការបណ្ដុះបណ្ដាលពីរបៀបប្រើប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot លើទឹកដីអាមេរិក


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បាន និយាយថាសហរដ្ឋអាមេរិកនឹងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន នៅឯមូលទ័ពមួយកន្លែងស្ថិត នៅក្នុង រដ្ឋអូក្លាហូម៉ា (Oklahoma) ពីរបៀបប្រើប្រាស់ និងការថែទាំប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ដែលទីក្រុងវ៉ាស៊ីនតោនប្រកាសបញ្ជូនឱ្យទីក្រុងកៀវ។

ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) មួយគ្រឿងដល់ អ៊ុយក្រែន កាលពីចុងឆ្នាំ២០២២កន្លងទៅ ដើម្បីជួយទីក្រុងកៀវទប់ទល់នឹងការវាយប្រហារ បំផ្លិច បំផ្លាញតាមផ្លូវអាកាសពីសំណាក់កងទ័ពរុស្ស៉ី។ ថ្លែងប្រាប់អ្នកសារព័ត៌មានអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ផាត រ៉ៃដឺ (Pat Ryder) បានគូស បញ្ជាក់ដូច្នេះថា «ការបណ្ដុះបណ្ដាល ទាហានអ៊ុយក្រែនពីរបៀបប្រើប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងត្រូវចាប់ផ្ដើមក្នុងការពេលឆាប់ៗខាងមុខនេះ ឬអាចនៅសប្ដាហ៍ក្រោយ នៅឯមូលដ្ឋាន Fort Sill នៃរដ្ឋ Oklahoma។ លោក រ៉ៃដឺ បន្តទៀតថាទាហានអ៊ុយក្រែនប្រហែលពី៩០ ដល់១០០ នាក់ នឹងត្រូវចូលរួមក្នុងការបណ្ដុះបណ្ដាលនេះដែលអាចនឹងត្រូវចំណាយពេលជាច្រើនខែ៕