(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញ អំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញរបស់កម្ពុជា ចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ានឆ្នាំ២០២៣នេះ។
ក្នុងពេលអនុញ្ញាតឱ្យ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការ គួរសម និងជម្រាបលា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធ របស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រជាជាតិទាំងពីរ។
ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី លោកឯកអគ្គរដ្ឋទូត បានអបអរសាទរកម្ពុជាចំពោះតួនាទី ដ៏ជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជា ការធ្វើជាម្ចាស់ផ្ទះ និង ការរៀបចំផ្នែកពិធីការ និងបដិសណ្ឋារកិច្ចដ៏ល្អ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលបានគាំទ្រដល់ ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងបានរំលឹកជាថ្មីអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដ៏ពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំ នេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរឥណ្ឌូនេស៊ីដែលបានរៀបចំកិច្ចប្រជុំកំពូល G-20 ប្រកបដោយជោគជ័យ នៅឆ្នាំ២០២២ ផងដែរ៕