(មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ អោយដឹងថា មនុស្សជំនិតបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងមូស្គូ នៅក្នុងប្រទេសបច្ចុប្បន្នកំពុងប្រយុទ្ធជាមួយបក្សសម្ព័ន្ធយោធា NATO ដឹកនាំដោយ សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន និងចោទប្រកាន់ថាលោកខាងលិចកំពុង ព្យាយាមលុបរុស្ស៉ីចេញពីផែនទីនយោបាយពិភពលោក។
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ធ្វើ ការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយកាសែតរុស្ស៉ី អាហ្គូមិនទី អ៉ី ហ្វាកទី (Argumenti i Fakti) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ផាទ្រូសេវ បានគូស បញ្ជាក់ដូច្នេះថា «ព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែន មិនមែនជាជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុង កៀវឡើយ តែវាជាការប្រឈមមុខខាងយោធារវាងរុស្ស៉ី និង NATO ហើយកាន់តែច្បាស់ជាងនេះ គឺជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសតែម្ដង»។ លោកបន្ថែមទៀតថា ផែនការរបស់លោក ខាងលិច នោះគឺធ្វើយ៉ាងលុបរុស្ស៉ីចេញពីផែនទីនយោបាយសកលលោក៕