សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណក្រុមហ៊ុន ជីប ម៉ុង គ្រុប ចំពោះការឧបត្ថម្ភសម្រាប់ថតភាព យន្ដរឿង «កូនប្រុសក្រោមពន្លឺចន្ទពេញបូណ៌មី» ជាលើកទី២ ថវិកាសរុបចំនួន ៨០ម៉ឺនដុល្លារ និងភេសជ្ជៈកម្ពុជា ៥០០០កេស
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណជូន ក្រុមហ៊ុន ជីប ម៉ុង គ្រុប ចំពោះការឧបត្ថម្ភ សម្រាប់ថតភាពយន្ដរឿង «កូនប្រុសក្រោមពន្លឺចន្ទពេញ បូណ៌មី» ជាលើកទី២ ថវិកាសរុបចំនួន ៨០ម៉ឺនដុល្លារ និងភេសជ្ជៈកម្ពុជា ៥០០០កេស។
ក្នុងលិខិតថ្លែងអំណរគុណដែលទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដោយសុទ្ធចិត្តបំផុត ចំពោះសន្ដានចិត្តដ៏សប្បុរសថ្លៃថ្លារបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងការថតភាពយន្ដរឿងពិតរបស់ សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
សូមបញ្ជាក់ថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅនឹងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ ការធ្វើ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាល នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរក កម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។
ជាពិសេសទាក់ទិនទៅនឹងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់ សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រនៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យ ជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត។
ភាពយន្តមានប្រមាណ ៥២ភាគ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែង សំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេង ទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះ យ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែន ជាថវិកាជាតិនោះឡើយ។
មកដល់ពេលនេះឈុតឆាកជាច្រើន ត្រូវបានបញ្ចប់ការថតហើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បាន ទម្លាយឈុតឆាកសម្តែងនោះជាច្រើនឃ្លីបរួចហើយផងដែរ។ ឈុតសម្តែងដែលសម្តេចតេជោ បាន បង្ហាញទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន៕