(ប្រាស៊ីលីយ៉ា)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា អតីតប្រធានាធិបតីស្ដាំនិយមជ្រុលនៃប្រទេសប្រេស៊ីល លោក ហ្សាអៀរ បុលសូណារ៉ូ (Jair Bolsonaro) បានចូលសម្រាកព្យាបាលនៅឯ មន្ទីរពេទ្យមួយ ក្នុងរដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈមនុស្សជាង ១,៥០០នាក់ ដែលជាអ្នក គាំទ្ររូបលោកត្រូវបានឃាត់ខ្លួន បន្ទាប់ពី ចូលអុកឡុកអគាររដ្ឋាភិបាល វិមានសភា និងតុលាការ កំពូល នៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
លោកស្រី មីឆែល (Michelle) ដែលជាភរិយារបស់លោក បុលសូណារ៉ូ បានឱ្យដឹងថាអតីតប្រធានា ធិបតីប្រេស៊ីលរូបនេះបានចូលសម្រាកព្យាបាល នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុងអ័រលេនដូ (Orlando)ជាមួយអាការៈឈឺពោះមានជាប់ពាក់ព័ន្ធនឹងរបួសចាស់ដែលលោកត្រូវបានគេចាក់នឹងកាំបិត កំឡុង យុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៨។ លោកស្រី មីឆែល បន្ថែមថាបើតាម ក្រុមគ្រូពេទ្យ លោក បុលសូណារ៉ូ មិនមានអាការៈអ្វីធ្ងន់ធ្ងរ នោះទេ ហើយក៏មិនចាំបាច់ត្រូវការវះ កាត់នោះដែរ៕