រុស្ស៉ី ព្រមានថាការផ្ដល់រថក្រោះលោកខាងលិចឱ្យអ៊ុយក្រែ​ន នឹងអូសបន្លាយការឈឺចាប់របស់ ប្រជាជនអ៊ុយក្រែន


 (មូស្គូ)៖  តាមការចេញផ្សាយដោយសារព័ត៌មាន Newsweek​ នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ ២០២៣ អោយដឹងថា រដ្ឋាភិបាលរុស្ស៉ី បានបង្ហាញការប្រឆាំងជំទាស់ទៅនឹងបណ្ដាប្រទេសលោក ខាងលិច ជុំវិញការផ្ដល់រថក្រោះធុនតូចឱ្យអ៊ុយក្រែ​ន ដោយព្រមានថាវាមានតែនឹង «អូសបន្លាយ ការឈឺចាប់» នៅក្នុងសង្រ្គាមតែប៉ុណ្ណោះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថាកញ្ចប់ជំនួយថ្មីរបស់លោកខាងលិច សម្រាប់អ៊ុយក្រែន នឹង ធ្វើឱ្យសង្រ្គាមកាន់តែអូសបន្លាយ។ លោក ប៉េសកូវ បានគូសបញ្ជាក់ដូច្នេះថា «ជាមូលដ្ឋានការ ប្រគល់អាវុធទាំងនេះមិនអាច ហើយនឹងមិនកែប្រែអ្វី បានឡើយ…ផ្ទុយទៅវិញ វាមានតែនឹងអូស បន្លាយការឈឺចាប់របស់ប្រជាជនអ៊ុយក្រែនតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង បានប្រកាសផ្ដល់រថក្រោះធុនតូច ឬរថពាសដែក ប្រយុទ្ធឱ្យអ៊ុយក្រែន ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោនផ្ដល់រថពាសដែក ប្រយុទ្ធ Bradley ចំនួន៥០ គ្រឿង រីឯអាល្លឺម៉ង់ផ្ដល់រថពាសដែកប្រយុទ្ធ Marder ៤០គ្រឿងឱ្យទីក្រុងកៀវ។ សារព័ត៌មានជាច្រើនបានចាត់ទុកថានេះជាការបញ្ជូនរថក្រោះ ផលិតដោយលោកខាងលិចឱ្យអ៊ុយ ក្រែនជាលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ខណៈក្រុមអ្នកជំនាញហៅថាជាប្រភេទ រថក្រោះធុនតូច៕