(សៀមរាប)៖ លោក ឡា សារ៉ន ដែលជាកសិករដាំបន្លែសរីរាង្គជាលក្ខណៈគ្រួសារ ក្នុងភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រ កសិផលរបស់ខ្មែរ ដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា និងកាត់បន្ថយការនាំចូលពីប្រទេស ជិតខាងផងដែរ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ លោក ឡា សារ៉ន បានឱ្យដឹងថា «លោកប្រកបរបរដាំបន្លែសរីរាង្គនេះជាង ២០ឆ្មាំមកហើយ កាលដើមឡើយ ការដាំបន្លែរបស់លោកគ្រាន់តែចេះតមកពីឪពុកម្ដាយ ឬក៏ចាស់ៗនៅក្នុងភូមិ ដែលបានប្រាប់ និង ណែនាំតែប៉ុណ្ណោះ ដោយមិនបានទៅរៀនជំនាញដាំបន្លែសរិរាង្គនេះ ពីមន្ទីរ ឬអង្គការណាមួយនោះ ឡើយ។ ហើយចំពោះការចាប់ផ្តើមដាំបន្លែដំបូងរយៈពេល១០ឆ្នាំ គឺមិនទទួលបានផលល្អនោះឡើយ និងថែមទាំងទទួលបានការចំអកពីអ្នកជិតខាងទៀតផង តែលោកមិនរវល់នឹងពាក្យចំអកទាំងនោះ ឡើយ ហើយថែមទាំងជំរុញទឹកចិត្តលោកឱ្តខំប្រឹងប្រែងដាំដំណាំ និងរៀនពីរបៀបដាំបន្លែសរិរាង្គ ពីមន្ទីរកសិកម្ម និងអង្គការមួយចំនួន ដែលបានចុះមកបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋ និងធ្វើជីកំប៉ុស ដើម្បីឱ្យបន្លែលូតលាស់បានល្អនឹងមិនមានសត្វល្អិតរំខាន ព្រមទាំងជួយរកទីផ្សារឱ្យផងដែរ»។
គួររម្លឹកផងដែរ លោក ឡា សារ៉ន កាលពីលោកមិនទាន់រៀបការ គឺលោកប្រកបរបរជាកម្មករ សំណង់អស់រយៈជាង៦ឆ្នាំ ហើយក៏មិនបានសល់អ្វីជាធំដុំនោះដែរ។ បន្ទាប់ពីរៀបការរួចភរិយារបស់លោក មិនឱ្យទៅធ្វើការជាកម្មករសំណង់ទៀតឡើយ ដោយគិតគូរ ពីសុវត្ថភាព និងយល់ថា ការងារសំណង់មានការហត់នឿយខ្លាំងផង ទើបឱ្យលោកប្រកបរបរផ្សេង វិញ ដូច្នេះហើយទើបសម្រេចចិត្តប្រកបរបរដាំបន្លែ តាំងពីពេលនោះមករហូតដល់សព្វថ្ងៃ។
លោក ឡា សារ៉ន បានបន្តថា ក្រោយពីឈប់ធ្វើការងារសំណង់ ហើយក៏រៀនមិនបានជ្រៅជ្រះដូច ហើយក៏មិនមានការងារអ្វីធ្វើទៀត ទើបងាកមកដាំបន្លែសរីរាង្គនេះ ហើយក៏មិនបានរៀនពីរបៀប ដាំទៀត ចំពោះការដាំរបស់លោក គឺមិនបានទទួលទិន្នផលល្អជាច្រើនឆ្នាំផងដែរ ហើយថែមទាំង ទទួលបានពាក្យមាក់ងាយពីអ្នកជិតខាងទៀត ប៉ុន្តែ លោកមិនគិតពីការមាក់ងាយទាំងនោះឡើយ ដោយលោកបានលើកទឹកចិត្តខ្លួនឯង ដូចពាក្យស្លោកមួយឃ្លាពោលថា (ដួលកន្លែងត្រូវងើបនៅ កន្លែងនោះវិញទើបជាប្រសើរ) ហើយលោកនៅតែដាំបន្លែរហូតទទួលបានជោគជ័យផងដែរ។
លោក ឡា សារ៉ន បានបញ្ជាក់ថា បច្ចុប្បន្ននេះ លោកមានការសប្បាយចិត្តជាខ្លាំងនឹងការងារដាំបន្លែ នេះ ទោះបីក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានខកខានក្នុងការដាំបន្លែនោះដែរ ដោយមានម៉ូយមកទិញដល់ផ្ទះដើម្បីយកទៅលក់បន្តនៅតាមផ្សារ ឬក៏កន្លែងផ្សេងៗទៀតជារៀង រាល់ថ្ងៃផងដែរ។ ចំពោះបន្លែសរីរាង្គ ដែលលោកដាំរួមមាន៖ ខាត់ណា សាឡាត់ស្រួយ ត្រឡាច ត្រសក់ ននោង ម្ទេសហាវៃ ជីគ្រប់មុខ ពោតបារាំង ត្រកួន និងប៉េងបោះផងដែរ។
ដោយឡែក ចំពោះជីដែលយកមកប្រើប្រាស់ក្នុងការដាំបន្លែសរីរាង្គនេះទៀត គឺលោកបានទិញ អាចម៍គោ និងអាចម៍ទា ឬក៏មាន់ពីប្រជាពលរដ្ឋនៅក្នុងភូមិដោយក្នុងមួយការ៉ុង ៥ពាន់រៀល ហើយ ក្នុងមួយរោងលោកដាក់៥ការ៉ុង ហើយក៏មិនបាញ់ថ្នាំគីមី ដើម្បីឱ្យឆាប់បានប្រមូលទិន្នផលនោះដែរ ដូច្នេះ ហើយទើបធ្វើឱ្យដំណាំរបស់លោកទទួលបានទិន្នផលល្អ និងមានអតិថិជនមកទិញជាហូរហែ ផងដែរ។
ជាមួយនេះដែរ លោក ឡា សារ៉ន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រសិនបើមានដី សូមកុំទុកដីនោះចោល ដោយងាកមកដាំបន្លែ ឬក៏ប្រកបរបរកសិកម្មផ្សេងៗគ្រាន់បានចំណូល សម្រាប់ផ្គ់ផ្គង់ជីវភាពនៅក្នុងគ្រួសារ និងជៀសវាងការទៅចំណាកស្រុកខុសច្បាប់ផងដែរ៕