សម្តេចតេជោ ហ៊ុន សែន រីករាយជាមួយកំណើនចំណូលជាតិ ឆ្នាំ២០២២, ពន្ធដារសម្រេចបាន ៣ ៤៣៧លានដុល្លារ ស្មើនឹង១២១.៩៣% និងពន្ធគយ សម្រេចបាន ២ ៦៧០លានដុល្លារស្មើនឹង ១០៤.១៥%
(កំពត)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្លែងបង្ហាញនូវក្តីសប្បាយរីករាយ នៅពេលឃើញអង្គភាពប្រមូលចំណូលជាតិ រួមមានអគ្គ នាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានលើសផែនការ សម្រាប់ឆ្នាំ ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ (ជិតពេញ១ឆ្នាំ២០២២) អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណជាង ៣៤៣៧លានដុល្លារ ស្មើនឹង១២១.៩៣ ភាគយ នៃផែនការកំណត់ដោយច្បាប់ថវិកា ឆ្នាំ២០២២ ចំណែកឯកអគ្គនាយកដ្ឋានគយ ប្រមូល ចំណូលបាន ២៦៧០លានដុល្លារ ស្មើនឹង ១០៤.១៥ភាគរយនៃផែនការ។
ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណ ភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានការសប្បាយរីករាយជាមួយនឹង ជោគជ័យ នៃការដែលយើងខិតខំធ្វើ នៅក្នុងវិស័យសេដ្ឋកិច្ច ដែលធ្វើឱ្យកំណើនកើនជាមួយនឹងការ បើកប្រទេសឡើងវិញ ហើយចំណូលជាតិរបស់យើង ក៏មានការកើនឡើង ដែលខ្ញុំគួរជម្រាបថា ឆ្នាំនេះទាំងផ្នែកគយ និងពន្ធដារ គឺមានការលើសផែនការប្រមាណជាង ២៥% ម្សិលមិញនេះ ពន្ធដារ សម្រេចបាន ៣ ៤៣៧លានដុល្លារ ស្មើនឹង១២១.៩៣% នៅសល់ថ្ងៃនេះទៀត និងថ្ងៃស្អែកទៀត ឯគយរកបាន ២ ៦៧០ លានដុល្លារស្មើនឹង ១០៤.១៥ភាគរយ។ អីចឹងទេគិតទៅវាលើសផែនការរហូតដល់ ១២២ភាគរយ នេះមិនទាន់គិតពីចំណូលសារពើពន្ធដែល ឆ្នាំនេះ ជឿថាវាកើន ព្រោះគ្រាន់តែទេសចរណ៍ ២លាននាក់ យើងនឹងមានប្រាក់៦០លានដុល្លារ តាមរយៈតម្លៃទិដ្ឋការ»។
សម្តេចបានថ្លែងបន្តថា ការប្រមូលនូវចំណូលលើសផែនការនេះ គឺជាការផ្តល់ឱកាស ដល់រាជរដ្ឋា ភិបាលធ្វើការវិនិយោគ ទៅលើហេដ្ឋរចនាសម្ព័ន្ធចាំបាច់នានា។
ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់អាជ្ញាធរគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ បន្តគាំទ្រផ្នែកគយ និងពន្ធដារបន្ថែមទៀត ដើម្បីឱ្យការប្រមូលចំណូលកាន់តែប្រសើរឡើង។
សម្តេចមានប្រសាសន៍ផងដែរថា នៅសល់៤៨ម៉ោងទៀតប៉ុណ្ណោះ មន្រ្តីរាជកាលស៊ីវិល កងកម្លាំង ប្រដាប់អាវុធ មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ កងកម្លាំងប្រដាប់អាវុធនិវត្តជន អតីតយុទ្ធជន នឹងបានទទួលការឡើងបៀរវត្សគ្រប់ៗគ្នា៕