(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា រដ្ឋមន្ត្រីការបរទេស G7 កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យក្រុម តាលីបង់ «ផ្លាស់ប្តូរជាបន្ទាន់» នូវបម្រាមលើស្ត្រីដែលធ្វើការក្នុងវិស័យផ្តល់ជំនួយមនុស្សធម៍របស់ ប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋមន្ត្រីបាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងថា បទបញ្ជាដែលមិនប្រុងប្រយ័ត្ន និង គ្រោះថ្នាក់របស់ពួកតាលីបង់ ដែលរារាំងបុគ្គលិកស្ត្រីនៃអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ (NGOs) ពីកន្លែងធ្វើការ នឹងធ្វើឱ្យមានហានិភ័យដល់ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ ដែលពឹងផ្អែកលើជំនួយមនុស្សធម៌សម្រាប់ការរស់រានមានជីវិត។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេសរបស់ចក្រភព អង់គ្លេសថា «យើងអំពាវនាវឱ្យពួកតាលីបង់ ផ្លាស់ប្តូរជាបន្ទាន់នូវការសម្រេចចិត្តនេះ»។
ការហាមប្រាមនេះគឺជាការវាយប្រហារចុងក្រោយបំផុតប្រឆាំងនឹងសិទ្ធិស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចមកវិញកាលពីឆ្នាំមុន។
តិចជាងមួយសប្តាហ៍កន្លងទៅក្រុមនិយមជ្រុលដែលបានអះអាងថាខ្លួនជាអ្នកកាន់សាសនាអ៊ីស្លាមទាំងនេះ ក៏បានរារាំងស្ត្រីមិនឱ្យចូលរៀននៅសកលវិទ្យាល័យ ផងដែរ ដែលបង្កឱ្យមានការខឹងសម្បារ ជាសកល និងការតវ៉ានៅក្នុងទីក្រុងមួយចំនួនរបស់អាហ្វហ្គានីស្ថាន។
ការថ្លែងនេះធ្វើឡើងបន្ទាប់ពីស្ថាប័នផ្តល់ជំនួយចំនួនប្រាំមួយបានផ្អាកប្រតិបត្តិការក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងការឆ្លើយតបនឹងបម្រាមនេះ៕