(បន្ទាយមានជ័យ)៖ ចាប់ពីម៉ោង៧៖០០នាទី ព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិការុករក និងសង្គ្រោះរបស់កម្ពុជា បានពិភាក្សាគ្នាជាមួយក្រុមសង្គ្រោះរបស់ថៃ ដើម្បីចាប់ផ្តើមបន្តកិច្ចប្រតិបត្តិ ការរុករក និងសង្គ្រោះជនរងគ្រោះ ដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុងប៉ោយប៉ែត។
សូមជម្រាបថា គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់ កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។
ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួស មានទាំងជនជាតិខ្មែរ និងជនបរទេស។ ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀត ស្លាប់នៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំង ខ្មួលខ្មាញ់។ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។
គួរជម្រាបថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការ ខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេម ជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះ ផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថ កិច្ចរបស់ថៃផងដែរ៕