(មីត្រូវីកា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា សហរដ្ឋអាមេរិក បក្សសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុប បានជំរុញ ឱ្យមានការអត់ធ្មត់ជាអតិបរមា នៅក្នុងតំបន់ខាងជើងសាធារណរដ្ឋកូសូវ៉ូ នៅចំពោះមុខការបិទ ព្រំដែន និងភាពតានតឹងជាមួយជនជាតិដើមស៊ែរប៊ី ជុំវិញឯករាជ្យភាពកូសូវ៉ូកាលពីឆ្នាំ២០០៨។
អស់រយៈពេលជាង២០ឆ្នាំមកហើយដែលកូសូវ៉ូនៅតែជាប្រភពនៃភាពតានតឹងរវាងលោកខាងលិចដែលគាំទ្រឯករាជ្យភាពរបស់កូសូវ៉ូ និងរុស្ស៉ីដែលគាំទ្រស៊ែរប៊ី ក្នុងកិច្ចខិតខំ ប្រឹងប្រែងរារាំងមិនឱ្យ កូសូវ៉ូក្លាយជាសមាជិកស្ថាប័នអន្តរជាតិកំពូលៗដូចជាអង្គការសហប្រជាជាតិជាដើម។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានអំពាវនាវឱ្យគ្រប់ភាគីទាំង អស់មានការអត់ធ្មត់ជាអតិបរមានិងចាត់វិធានការសកម្មភាពភ្លាមៗដោយគ្មានលក្ខខណ្ឌដើម្បីបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាបញ្ចៀសឱ្យបាននូវរាល់ ទង្វើបង្កហេតុ ការគំរាមកំហែង និងការសម្លុត គំរាម។ ចំណែកឯ បេសកកម្ម NATO នៅកូសូវ៉ូ ឬហៅកាត់ថា KFOR ក៏បានកត់សម្គាល់ដែរថា ខ្លួនគាំទ្រកិច្ចសន្ទនារវាងគ្រប់ភាគី ក្នុងការបន្ធូរបន្ថយភាពតានតឹង៕