(ស៊ីដនី)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ ប្រាប់អោយដឹងថា អូស្ត្រាលី បានអនុម័តហើយលើសំណើស្នើសុំធ្វើបត្យាប័នអតីត ពីឡុតម៉ារីនអាមេរិក លោក ដានីញែល ឌូកហ្កែន (Daniel Duggan) ទៅកាន់សហរដ្ឋអាមេរិក ជាទីដែល លោកត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ និងបំពានច្បាប់គ្រប់គ្រង អាវុធរបស់សហរដ្ឋអាមេរិក។
លោក Duggan ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអូស្ត្រាលីកាលពីខែតុលាកន្លងទៅ និងកំពុង ជាប់ឃុំនៅឡើយ ត្រូវបានចោទប្រកាន់ថាបានបំពានច្បាប់គ្រប់គ្រងអាវុធរបស់ សហរដ្ឋអាមេរិក តាមរយៈការបណ្ដុះបណ្ដាលពីឡុតយោធាចិនពីរបៀបចុះចតនៅលើនាវាផ្ទុះយន្ដហោះចម្បាំង។ អូស្ត្រាលីទទួលបានសំណើធ្វើបត្យាប័នលោក Duggan ពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែធ្នូនេះ និងតម្រូវឱ្យមានការធ្វើសេចក្ដីសម្រេចមួយនៅត្រឹមថ្ងៃទី២៥ ខែធ្នូ ថាតើគួរតែទទួលយកសំណើ ធ្វើបត្យាប័ននេះដែរក៏យ៉ាងណា។
រហូតដល់ថ្ងៃព្រហស្បតិ៍នេះ ទើបក្រសួងយុត្តិធម៌អូស្ត្រាលីយល់ព្រមធ្វើបត្យាប័នលោក Duggan ដោយសំអាងលើច្បាប់ធ្វើបត្យាប័នឆ្នាំ១៩៨៨ របស់អូស្ត្រាលី ជាមួយការបញ្ជាក់ថា អតីតពីឡុតម៉ារីន អាមេរិករូបនេះជាបុគ្គលដែលអាចត្រូវធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ លោក Duggan ដែលជាពលរដ្ឋអូស្ត្រាលី និងបានបោះបង់ចោលសញ្ជាតិអាមេរិក របស់លោក បានដិសេធថាមិន បានធ្វើខុសដូចការចោទប្រកាន់នោះទេ៕