ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យប្រទេសទាំងអស់តម្កល់ «សន្តិភាព» ជាធំ ទាំងក្នុងពាក្យ សម្តីនិងសកម្មភាព


 (យូអិន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរេស (Antonio Guterres) កាលពីថ្ងៃពុធសប្តាហ៍នេះ បានសេចក្តីអំពាវនាវដល់បណ្តាប្រទេសទាំងអស់ ឱ្យតម្កល់ទុកសន្តិភាពជាស្នូល នៅក្នុងពាក្យសម្តីក៏ដូចជាសកម្មភាពនានារបស់ពួកគេ។

ក្នុងសារវីដេអូរបស់លោកសម្រាប់ឆ្នាំថ្មី២០២៣ លោក ហ្គូតឺរេស បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ ២០២៣ ចូរយើងទាំងអស់គ្នាតម្កល់​សន្តិភាពឱ្យនៅចំកណ្តាល នៃពាក្យសម្តីនិងសកម្មភាពទាំងឡាយ របស់យើង។ នៅឆ្នាំ២០២៣ យើងត្រូវការសន្តិភាពជាង​ពេលណាៗទាំងអស់។ ចូរបង្កើតសន្តិភាពជាមួយគ្នា តាមរយៈកិច្ចសន្ទនាដើម្បីបញ្ចប់ជម្លោះ។ ចូរបង្កើតសន្តិភាពជាមួយធម្មជាតិ និង​អាកាសធាតុរបស់យើង ដើម្បីកសាងពិភពលោកដែលប្រកប ដោយនិរន្តរភាពជាងមុន»

អគ្គលេខាធិការ UN រូបនេះបានបន្តថា នៅក្នុងគ្រួសារនិងផ្ទះសម្បែងក៏ត្រូវការសន្តិភាពដែរ ដើម្បីឱ្យ ស្រ្តីនិងក្មេងស្រីៗអាចរស់នៅប្រកបដោយ​សេចក្តីថ្លៃថ្នូរនិងសុវត្ថិភាព ហើយបន្ថែមពីនេះគឺសន្តិភាព នៅតាមដងផ្លូវ ដែលជារឿយៗបានមើលឃើញ ការប្រើប្រាស់អំពើហិង្សាដោយ​កងកម្លាំងសន្តិសុខ ប្រឆាំង នឹងក្រុមអ្នកតវ៉ាដែលធ្វើបាតុកម្មដោយសន្តិវិធី។

ជាចុងក្រោយ លោកប្រមុខអង្គការសហប្រជាជាតិ បានលើកឡើងថា «ទាំងអស់គ្នា ចូរពួកយើងធ្វើ ឱ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំមួយ ដែលសន្តិភាពត្រូវបានស្តារមកវិញសម្រាប់ជីវិតរស់នៅ ផ្ទះសម្បែង និងពិភពលោករបស់យើង»