វិមានក្រឹមឡាំង ថារាល់ផែនការសន្តិភាពនៅអ៊ុយក្រែន ត្រូវតែមានបញ្ចូលទឹកដីដែលរុស្ស៉ីកាត់យក


 (មូស្គូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា វិមានក្រឹមឡាំង នៅថ្ងៃពុធសប្ដាហ៍នេះបានច្រានចោលផែនការសន្តិភាព ១០ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សលេនស្គី ដោយនិយាយថាសំណើ ដើម្បីបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែន ត្រូវតែគិតគូពីការពិតជាក់ស្ដែងសព្វថ្ងៃ ពាក់ព័ន្ធនឹងទឹកដីអ៊ុយ ក្រែនចំនួន៤តំបន់ ដែលទីក្រុងមូស្គូកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានគូស បញ្ជាក់ដូច្នេះថា «វានឹងមិនមានឡើយផែនការសន្តិសុខនៅអ៊ុយក្រែន ប្រសិនបើមិនមានការ ទទួល ស្គាល់ការពិតសព្វថ្ងៃពាក់ព័ន្ធនឹងទឹកដីរុស្ស៉ី នោះគឺការចូលរួមរបស់តំបន់ទាំង៤ ជាមួយរុស្ស៉ី។ ផែនការដែលមិនទទួលយកការពិតទាំងនេះ នឹងមិនអាចមានសន្តិភាពនោះទេ»

រុស្ស៉ីប្រកាសកាត់បញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ក្នុងនោះរួមមានតំបន់ ដូណេត (Donetsk) លូហាន (Luhansk) ខឺសុន ( Kherson) និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) កាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីការបោះឆ្នោតប្រជាមតិមួយដែលបណ្ដាប្រទេស លោកខាងលិចថ្កោលទោស និងចាត់ទុកថាជាទង្វើខុសច្បាប់៕