(ភ្នំពេញ)៖ ឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាសភា ព្រឹទ្ធ និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មកពីខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ សរុប៤០០នាក់ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារី ដោយក្តីនឹក រលឹក និងការគិតគូរដល់បងប្អូនទាំងអស់គ្នានៅគ្រប់ទីកន្លែង ។
ឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន បានបន្តទៀតថា ការប្រជុំនាថ្ងៃនេះ គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែង ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏បានបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាព សង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា ។
ទន្ទឹមនឹងនោះផងដែរ សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តរៀបចំដូចជា៖
*ទី១៖ ជូនក្រសួងសុខាភិបាលត្រៀមលក្ខណៈ តាមនីតិវិធីធ្វើប័ណ្ណសុខភាពក្មួយៗ តាមស្ថានភាព ជាក់ស្តែង
*ទី២៖ ប្រគល់ភារកិច្ចជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រៀមលក្ខណៈធ្វើប័ណ្ណក្រីក្រតាមនីតិវិធីសម្រាប់ជូន ក្មួយៗទាំងអស់ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ
*ទី៣៖ សូមប្រគល់ភារកិច្ចជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សារកជំនាញដើម្បី បណ្តុះបណ្តាលដល់ក្មួយៗ តែទាល់តែក្មួយៗព្រមសហការខិតខំរៀនសូត្រជំនាញ ដើម្បីមានជំនាញ ច្បាស់លាស់ដើម្បីចាប់អាជីពការងារថ្មី។
ក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន៤០០នាក់ ក្នុង ម្នាក់ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕