កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់


 (ព្រះសីហនុ)៖ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាប បទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមនឹងវត្ថុតាងមួយ ចំនួន បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំង ដោយខុសច្បាប់ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នេះ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចហាងស៊ុប យីហោ ប៉ៃ វៃ ស៊ាង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ខេត្ដព្រះសីហនុ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតករណីខាងលើ ធ្វើឡើងក្រោមបទបញ្ជា និងការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដបន្ទាយមានជ័យ និងព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្ដព្រះសីហនុ។

ក្នុងនោះជនសង្ស័យទាំង០៥នាក់ (ជនជាតិចិន៣នាក់, ជនជាតិខ្មែរ ២នាក់) រួមមាន៖

*ទី១៖ ឈ្មោះ ស៊ុន ផាកន អាយុ២០ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន មានទីលំនៅភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
*ទី២៖ ឈ្មោះ YAO SING WEN អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ
*ទី៣៖ ឈ្មោះ MIN SHI LIANG អាយុ២១ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ
*ទី៤៖ ឈ្មោះ ZHANG XIN អាយុ២៣ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ
*ទី៥៖ ឈ្មោះ ចាន់ រាំបូ អាយុ៣៧ឆ្នាំ មុខរបររត់តាកស៊ី មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះ សីហនុ ខេត្ដព្រះសីហនុ។

ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ ចំនួន៦គ្រឿង, អាយភេត ចំនួន១គ្រឿង, លិខិត ឆ្លងដែនជនជាតិចិន ចំនួន៤ច្បាប់, បង់អាវុធខ្លី ចំនួន១ គ្រាប់ចំនួន២, នាឡិកាដៃ ចំនួន១គ្រឿង, ចិញ្ចៀនលោកហធាតុពណ៌ប្រាក់ ចំនួន១, កាតផ្សេងៗមួយចំនួន, កាបូបស្ពាយ ចំនួន១ និងរថយន្ត ចំនួន១គ្រឿង ម៉ាកហាយឡេនដឺ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 2B-7978៕