ប៉ាគីស្ថានគ្រោងបញ្ជូនសំណុំរឿងឡើងដល់ UN ក្រោយចោទឥណ្ឌាថា ជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ២០២១

 (អ៉ីស្លាម៉ាបាដ)៖ ក្រសួងការបរទេសប៉ាគីស្ថាន នាថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា ប្រទេសប៉ាគីស្ថាននឹងរៀបចំឯកសារសំណុំរឿង ឡើងទៅកាន់ អង្គការសហប្រជាជាតិ (UN) បន្ទាប់ពីខ្លួនចោទឥណ្ឌាថាជា អ្នកនៅពីក្រោយករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

អនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោកស្រី ហ៉ីណា រ៉ាបានី ខា (Hina Rabbani Khar) បាននិយាយថា សំណុំរឿងខាងលើ នឹងរួមបញ្ចូលភស្តុតាងលម្អិត និងព័ត៌មាននៃការជាប់ពាក់ព័ន្ធរបស់ឥណ្ឌា ក្នុងការបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០២១ នៅខាងក្រៅផ្ទះរបស់មេដឹកនាំអ៊ីស្លាមម្នាក់ ក្នុងចំណោមឧប្បត្តិហេតុផ្សេងទៀត ដែលលោកស្រីចាត់ទុកថាជាអំពើភេរវកម្ម។

លោកស្រី រ៉ាបានី ខា បានគូសបញ្ជាក់ថា «យើងហៅវាថា ជាភស្តុតាងផ្អែកលើព័ត៌មាន។ វានឹងចែករំលែកព័ត៌មាន ព្រមទាំងភស្តុតាងអំពីអ្វីដែលឥណ្ឌា បានប្រព្រឹត្ត។ ឯកសារនោះ នឹងបញ្ជាក់ឲ្យពិភពលោកបានដឹងថា មានអ្វីកើតឡើងក្នុងតំបន់»

គួរបញ្ជាក់ថា ថ្មីៗនេះទីក្រុងអ៉ីស្លាម៉ាបាដ បានចោទប្រកាន់ឥណ្ឌាថាបានគាំទ្រ និងផ្តល់មូលនិធិដល់ការបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ២០២១ នៅខាងក្រៅផ្ទះរបស់លោក ហាហ្វីស សាអ៉ីត (Hafiz Saeed) ស្ថាបនិកនៃក្រុម Lashkar-e-Taiba ដែលជាក្រុមសកម្មប្រយុទ្ធ​ មានមូលដ្ឋាននៅប៉ាគីស្ថាន ហើយត្រូវបានទីក្រុងញូដេលីចោទប្រកាន់ ពីបទវាយប្រហារនៅទីក្រុងម៉ុមបៃកាលឆ្នាំ២០០៨ ដែលបានសម្លាប់មនុស្ស ១៦៦នាក់ រួមមានទាំងជនបរទេស។ ចំណែកឥណ្ឌាមិនបានឆ្លើយតបទៅនឹងការចោទប្រកាន់នេះទេ៕