(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាល ចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុង ភូមិសាស្ត្រខេត្តព្រះសីហនុ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ និង តំណាងមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងស្រុកទាំង៥ នៃខេត្តព្រះសីហនុ ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ នៃខេត្តព្រះសីហនុ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
នាឱកាសនោះឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា «កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ច ការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅខេត្តព្រះសីហនុ បើ យើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូ ពហុបំណងរបស់កម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។ សម្រាប់ថ្ងៃនេះ យើងមានឱកាសដើម្បីដោះស្រាយបញ្ហាដីធ្លីដែលស្ថិតនៅក្នុងដែន សមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការស្តាប់របាយការណ៍អាជ្ញាធរ ដែនដីទាក់ទងនឹងបញ្ហាដីធ្លី ដើម្បីពិភាក្សា ដោះស្រាយឱ្យបានទាន់ពេលវេលា»។
ឯកឧត្តម គួច ចំរើន បានលើកឡើងថា គិតចាប់ពីដើមឆ្នាំ២០២០ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗ ពាក់ព័ន្ធដីធ្លីរបស់ប្រជា ពលរដ្ឋសរុបចំនួន ២២៩០ករណី។
ក្នុងចំនួនសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យដោះស្រាយ និងឆ្លើយតប សរុបចំនួន១៥៨៧ករណី ក្នុងនោះរួមមាន៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពល រដ្ឋ ចំនួន៨១ករណី ធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន ៤៤៨ករណី ធ្វើ លិខិតឆ្លើយតបជូនម្ចាស់សំណើ ចំនួន២៨៧ករណី សំណុំរឿងដែលទុកជាឯកសារ (បណ្តឹងតែមួយ ទៅច្រើនស្ថាប័ន) ចំនួន៧៧១ករណី និងសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗដែលកំពុងពិនិត្យ ដោះស្រាយបន្ត៕