រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ផ្តល់អនុសាស្រ្ត៧ចំណុច ដើម្បីអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែ មានសក្តានុពល

 (ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់អាទិភាពខ្ពស់លើការជំរុញការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ដែលជាវិស័យមួយដ៏សំខាន់ ក្នុងការធានាសន្តិសុខស្បៀងរបស់ជាតិ ការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋ ។

ថ្លែងក្នុងថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោកបានផ្តល់អនុសាស្រ្តចំនួន៧ចំណុច ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបតែបោះឆ្នោតជ្រើសក្បាលម៉ាស៊ីនដឹកនាំថ្មី នាអាណត្តិទី៤នេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យ ស្រូវអង្ករកម្ពុជាឱ្យអស់សក្តានុពល ដែលនឹងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ច និង លើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាកសិករ។

អនុសាស្រ្តទាំង៧ចំណុចនេះរួមមាន៖

ទី១. ត្រូវបន្តពង្រឹងការអនុវត្ត ផែនការយុទ្ធសាស្រ្តសម្រាប់រយៈពេល ៥ ឆ្នាំ (២០២៣- ២០២៧) ក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងជាពិសេសបង្កើនសមត្ថភាពលើការស្រាវជ្រាវ និងការវិភាគទីផ្សារស្រូវអង្ករក្នុង តំបន់ និង សកល ព្រមទាំងធ្វើការចែករំលែកព័ត៌មានអំពីទីផ្សារ ប្រកបដោយតម្លាភាព ។

ទី២. ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព យុត្តិធម៌ និងការ គោរពគ្នាទៅវិញទៅមក សំដៅបង្កើនអំណាចចរចា (bargaining power) ជាមួយអ្នកបញ្ជាទិញ ពង្រឹងភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញផ្សេងទៀត និង ពិនិត្យលទ្ធភាព ក្នុងការរៀបចំ យុទ្ធសាស្រ្តកំណត់ថ្លៃរួមមួយ ក្នុងក្របខណ្ឌសហព័ន្ធសម្រាប់លក់អង្ករទៅទីផ្សារអន្តរជាតិ ។

ទី៣. ត្រូវបន្តផ្សព្វផ្សាយម៉ាកអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ និង ចាប់យកកាលានុវត្តភាព ឱ្យអស់ សក្ដានុពលពីទីផ្សារ និងពន្លឿនការធ្វើពិពិធកម្មទីផ្សារនាំចេញ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីដែលកម្ពុជាមាន ជាអាទិ៍ៈ ក្របខណ្ឌនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កិច្ច ព្រមព្រៀងនៃភាពជាដៃគូរសេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ។

ទី៤. ត្រូវបន្តចូលរួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញផលិតកម្មពូជសុទ្ធ ដូចជា ស្រូវ ក្រអូប និង ស្រូវផ្ការំដួល ហើយធ្វើការផ្គត់ផ្គង់ទៅកសិករ និង សហគមន៍កសិកម្ម ក្នុងកម្រិតថ្លៃ សមរម្យ តាមរយៈយន្តការនៃភាពជាដៃគូររវាងរដ្ឋ និងឯកជន ។

ទី៥. ត្រូវបន្តពង្រឹងសមត្ថភាពរោងម៉ាស៊ីនកិនស្រូវ ក្នុងការបង្កើនប្រសិទ្ធភាពនៃការកែច្នៃអង្ករ ការ គ្រប់គ្រងហិរញ្ញវត្ថុ និង ការរៀបចំផែនការអាជីវកម្ម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការច្របាច់បញ្ចូលគ្នា ឬសហការគ្នា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រវាងរោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញតូចៗ សំដៅ បង្កើនឧត្តមភាពនៃសេដ្ឋកិច្ចមាត្រដ្ឋាន (Economic of Scale) ។

ទី៦. ត្រូវពង្រឹងការសម្របសម្រួលការអនុវត្តកសិកម្មតាមកិច្ចសន្យា រវាងរោងម៉ាស៊ីនកិនស្រូវ ក្រុម ហ៊ុននាំចេញអង្ករ និង សហគមន៍កសិកម្ម ព្រមទាំងជំរុញកិច្ចសហការជាមួយភាគីពាក់ព័ន្ធនានា ពិសេសជាមួយដៃគូអភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់នូវជំនួយបច្ចេកទេស និង ការផ្ទេរបច្ចេកវិទ្យាសម្រាប់ ការអភិឌ្ឍកសិដ្ឋានខ្នាតតូច និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកទេសថ្មីៗ និងនវានុវត្តន៍ផ្សេងៗ ក្នុងការសម្របខ្លួន និង ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុព្រមទាំងបង្កើនផលិតភាពបន្ថែម ។

ទី៧. សហព័ន្ធស្រូវអង្ករកម្ពុជា និង រោងម៉ាស៊ីនកិនស្រូវទាំងអស់ ត្រូវសហការជិតស្និទ្ធ និង ខិតខំ ប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការធ្វើការជាមួយក្រុមការងារអចិន្រ្តៃយ៍អន្តរស្ថាប័ន ដែលនឹងត្រូវ បង្កើតឡើងក្នុងពេលឆាប់ៗ ដោយមានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ និង ក្រសួង ពាណិជ្ជកម្ម ជាសហប្រធាន និង មានការចូលរួមពីធានាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម អាជ្ញាធរ ដែនដី និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការជាប្រចាំក្នុងការ ជំរុញការទិញស្រូវពីប្រជាកសិករ រក្សាស្ថិរភាពថ្លៃស្រូវ និង គ្រប់គ្រងសតិអារម្មណ៍ប្រជាកសិករ នៅរាល់រដូវច្រូតកាត់ ដោយរៀបចំ គិតគូរជាផែនការផ្អែកលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ តាំង ពីពេលដាំដុះ ពេលច្រូតកាត់ ការទិញ ការដឹកជញ្ជូន ការផ្តល់ហិរញ្ញប្បទាន និង យន្តការសម្របសម្រួលកំណត់ថ្លៃ ។

ទន្ទឹមគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនឹង បន្តគាំទ្រវិស័យស្រូវអង្ករ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានា តាមរយៈយន្តការមួយ ចំនួន រួមមាន៖ (១).ការបន្តផ្តល់ការលើកទឹកចិត្ត ផ្នែកសារពើពន្ធដល់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ (២).ការបង្កើនការផ្ដល់ហិរញ្ញប្បទានសម្បទាន (៣).ការជំរុញការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា ប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទីក និង ប្រព័ន្ធស្រោចស្រព (៤).ការពង្រឹង ប្រសិទ្ធភាពនៃការសម្របសម្រួលស្ថាប័ន និង ការអនុវត្តគោលនយោបាយពាក់ព័ន្ធ និង (៥).ការធ្វើ ពិពិធកម្មទីផ្សារ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង កិច្ចសហប្រតិបត្តិការទ្វេភាគី នានាជាមួយប្រទេសដៃគូពាណិជ្ជកម្ម ។ល។

សូមជម្រាបថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ នេះការនាំចេញអង្ករគ្រប់ប្រភេទពីកម្ពុជាទៅ កាន់ ៥៦ ប្រទេស សម្រេច បានជិត ៥១ ម៉ឺនតោន ដែលគិតជាទឹកប្រាក់សរុបមានចំនួនជិត ៣៧៣ លានដុល្លារអាមេរិក កើនឡើង ១០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕