រោងចក្រដំឡើងរថយន្ត Toyota រួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា

 (ភ្នំពេញ)៖ ក្រុមហ៊ុន Toyota Tsusho បានប្រកាសពីការបង្កើតរោងចក្រដំឡើងរថយន្តឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd., (TTMC) នៅកម្ពុជាក្រោមទុន វិនិយោគ៣៦.៨លានដុល្លារអាមេរិក ជាមួយការប្ដេជ្ញាចិត្តរួមចំណែក អភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

បន្ទាប់ពីបើកដំណើរការជាផ្លូវការក្រុមហ៊ុន Toyota Tsusho Corporation កម្ពុជា-ជប៉ុន បានចុះ អនុស្សរណៈយោគយល់គ្នា (MoU) ដោយភាគីកម្ពុជាចុះហត្ថលេខា ដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយភាគីជប៉ុនតំណាង ដោយលោក Toshimitsu Imai អនុប្រធានក្រុមហ៊ុន Toyota Tsusho ក្រោមអធិបតីភាពសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេស ជប៉ុន។ រោងចក្រដំឡើងរថយន្ត TTMC នឹងសាងសង់ឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងផលិតរថយន្តប្រភេទភីកអាប់ Toyota HILUX និងToyota FORTUNER SUV ក្នុងស្រុក។

តាមរយៈគម្រោងនេះក្រុមហ៊ុន Toyota Tsusho នឹងចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម រថយន្ត សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕