ក្រសួងរ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុនហួវៃរបស់ចិន ជំរុញការអភិវឌ្ឍថាមពលពន្លឺ ព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា

 (ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានសហការជាមួយក្រុមហ៊ុនហួវៃថេកណូឡជី របស់ចិន ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា (ICT) ដើម្បីពង្រឹង លើកកម្ពស់ ជំរុញនិងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដែលសំដៅធ្វើយ៉ាងណា ឱ្យការផ្គត់ផ្គង់ថាមពលនៅកម្ពុជាមានភាព គ្រប់គ្រាន់ គុណភាព អាចទុកចិត្តបាន និងមានតម្លៃសម រម្យ។ ការសហការរវាងកម្ពុជានិងក្រុមហ៊ុនហួវៃ របស់ចិន តាមរយៈការចុះអនុស្សរណៈនៃការយោគ យល់គ្នានេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ០៧ រួមមាន ៖ ១.ការសិក្សាស្តង់ដារបច្ចេកទេស សុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយ ប្រព័ន្ធបណ្តាញ ដើម្បីការពារស្ថិរភាពនៃបណ្តាញអគ្គិសនី ,២.ការសិក្សាបច្ចេកវិទ្យាប្រព័ន្ធអាគុយ ផ្ទុកថាមពល (Battery Energy Storage System)និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយ ផ្ទុកថាមពល ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្តាញអគ្គិសនី, ៣.ការសិក្សាប្រព័ន្ធ ពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនី ជាពិសេសសម្រាប់បណ្តាភូមិនិង កោះដែលមិនទាន់មានចរន្តអគ្គិសនីទៅដល់, ៤.ការសិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយ៍ ថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យ ទាំងអស់ , ៥.ការសិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ ៦.ការសិក្សាបច្ចេក វិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យាបច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ និង៧.ការសិក្សា លើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជា ដៃគូ។

ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា នាថ្ងៃទី១៧ ខែ វិច្ឆិកានេះ នៅសណ្ឋាគារសូហ្វីតែល ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពលបានថ្លែងថា ផែនការនេះនឹងចូលរួមកាត់បន្ថយ ការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាសឱ្យបានជាអតិបរមា តាមរយៈការបង្កើនចំណែកប្រភព ថាមពលស្អាត និងថាមពលកកើតឡើងវិញទៅក្នុងល្បាយនៃផលិតកម្មថាមពលចម្រុះ ព្រមទាំង ជំរុញការប្រើប្រាស់ថាមពលឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជំរុញការតភ្ជាប់ខ្សែបញ្ជូនថាមពល ក្នុងតំបន់បន្ថែមទៀត ដែលអាចរួមចំណែកដល់បរិបទថាមពលបៃតងផង និងសន្តិសុខថាមពលផង ដែលការងារទាំងអស់នេះគឺស្ថិតនៅក្នុងទិសដៅអន្តរកាលថាមពលងដែលគ្រប់គ្នាចង់បាននិងស្របទៅតាមនិន្នាការសកលនាពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តម បន្ថែមថា ការចុះអនុស្សារណៈយោគយល់គ្នានេះ នឹងចូលរួមចំណែកដល់ការអនុវត្តផែន ការ មេអភិវឌ្ឍវិស័យថាមពលអគ្គិសនី ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០៤០ ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងអនុម័តនាពេលថ្មីៗកន្លងមកនេះ។

ឯកឧត្តម ប្រសាសន៍ថា៖ «ជាការពិត បញ្ហាថាមពល បញ្ហាអាកាសធាតុ និងបញ្ហាបរិស្ថាន គឺជា បញ្ហាប្រឈមជាកញ្ចប់ សម្រាប់ មនុស្សជាតិនៅក្នុងសម័យកាលថ្មីនេះ។ បរិយាការណ៍នេះ ឆ្លុះ បញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុង «ការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយា កាសឆ្ពោះទៅការផលិតនិងប្រើប្រាស់ថាមពលកកើតឡើងវិញនិងអនុវត្តវិធានការប្រសិទ្ធភាពថាមពលដោយរក្សានូវការផ្គត់ផ្គង់ថាមពលមួយដែលនៅតែមានភាពគ្រប់គ្រាន់ មានគុណភាពអាចជឿទុកចិត្ត បាននិងមានថ្លៃសមរម្យ។ក្នុងការអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ យើងបានរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលអគ្គិសនី សារជាថ្មីពីឆ្នាំ២០២២រហូត ដល់ឆ្នាំ២០៤០ ដោយយើងបានតម្រង់គោលដៅបង្កើនចំណែកនៃថាម ពលកកើតឡើងវិញទៅក្នុងល្បាយផលិតអគ្គិសនីនៅកម្ពុជាដល់កម្រិតអតិបរមាដោយរក្សាឱ្យបាននូវសន្តិសុខថាមពលនិងស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅកម្ពុជា។»

ឯកឧត្តម ស៊ុយ សែម បានឱ្យដឹងដែរថា នៅចុងឆ្នាំ២០២២ រាជធានីខេត្តទាំង២៥ ទីតាំងសេដ្ឋកិច្ច ស្ទើតែទាំងអស់ និងភូមិចំនួន ១៣ ៩២៣ ភូមិ ត្រូវជា៩៨.២៧% នៃចំនួនភូមិទូទាំងប្រទេសទទួល បានការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ។ ចំពោះការភ្ជាប់ចរន្តអគ្គិសនីឱ្យទីតាំងប្រើប្រាស់គ្រប់ប្រភេទ នៅចុងឆ្នាំ២០២២នេះ កម្ពុជាសម្រេច លទ្ធផលបាន៣.៥៣លានទីតាំង ដែលនៅក្នុងនោះការភ្ជាប់ចរន្តឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ សម្រេចបាន ៣.២៨ លានខ្នងផ្ទះដែលត្រូវជា ៨៨.៤៤% នៃចំនួនខ្នងផ្ទះសរុបរួចហើយ។

ដោយឡែកគិតនៅចុងឆ្នាំ២០២២នេះដែរ មានភូមិចំនួន ២៤៥ ភូមិ ស្មើនឹង ១.៧៣% ដែលពុំទាន់ មានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ គឺជាភូមិដាច់ស្រយាលគ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹកនិងជាតំបន់លិចទឹកនៅរដូវវស្សាដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គិសនីឱ្យទៅដល់។

ឯកឧត្តមបន្តថាទោះបីជាយ៉ាងនេះក៏ដោយរាជរដ្ឋាភិបាលបានខិតខំជួយដោះស្រាយឱ្យលំនៅឋានប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងភូមិដែលនៅសល់ទាំងនោះមានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្នតាមរយៈការផ្តល់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ក្នុងក្របខណ្ឌជំនួយឧបត្ថម្ភនៃកម្មវិធីគាំពារសង្គម របស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ និងការវិនិយោគផ្ទាល់ខ្លួនហើយលំនៅដ្ឋានមួយចំនួន ទៀតក៏បានប្រើប្រាស់អាគុយដែលមានកន្លែងសាកអាគុយរួមនៅក្នុងភូមិផងដែរ៕