(ភ្នំពេញ)៖ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញ មកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បី បំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
ដំណើរទស្សនកិច្ចរបស់លោក ផាម មិញជិញ នៅកម្ពុជានាពេលនេះ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
នាយករដ្ឋមន្ត្រីវ័យ៦៤ឆ្នាំរូបនេះក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ផាម មិញជិញ នឹងមានជំនួបពិភាក្សាទ្វេភាគីនៅ វិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូច ជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោក ផាម មិញជិញ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, មណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម។ ក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី វៀតណាម ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»។
នេះជាដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងហើយ សម្រាប់លោក ផាម មិញជិញ បន្ទាប់ពីរូប លោកត្រូវបានសភាជាតិវៀតណាម បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម កាលពីខែមេ សា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ត្រូវបានគេមើលឃើញថា ជាការរួមចំ ណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលជាប្រទេសភូមិផង របងជាប់គ្នានេះឱ្យកាន់តែប្រសើរថែមទៀត៕