ករណីបំផ្ទុះគ្រាប់បែកក្នុងរថយន្តក្រុង សម្លាប់មនុស្សម្នាក់ និងជាង១០នាក់រងរបួសនៅភាគខាងត្បូង ប្រទេសហ្វីលីពីន

 (ម៉ានីឡា)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា ក្រុមមន្ត្រីបាននិយាយថា គ្រាប់បែកផលិតក្នុងស្រុកមួយ ត្រូវបាន បំផ្ទុះនៅលើឡានក្រុង ដោយបានសម្លាប់អ្នកដំណើរម្នាក់ និងរបួស ១០នាក់ទៀត នៅក្នុងទីក្រុងភាគ ខាងត្បូងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារមួយដែលអាជ្ញាធរសង្ស័យថា អាចជាផ្នែកនៃការប៉ុនប៉ងជំរិត។

ប៉ូលីសបាននិយាយថា រថយន្តក្រុងដែលមានចំនួនអ្នកដំណើរមិនជាក់លាក់ បានធ្វើដំណើជិតដល់ ស្ថានីយដឹកជញ្ជូនក្នុងទីក្រុង Tacurong ក្នុងខេត្ត Sultan Kudarat នៅពេលដែលគ្រាប់បែកបានផ្ទុះ នៅខាងក្រោយរថយន្ត នៅមុនថ្ងៃត្រង់។

មន្ត្រីយោធា និងប៉ូលីសបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់ថា តើអ្នកវាយ ប្រហារមកពីក្រុមប្រដាប់អាវុធដូចគ្នាដែលបានរៀបចំការបំផ្ទុះគ្រាប់បែកស្រដៀងគ្នាកាលពីប៉ុន្មានឆ្នាំមុន ដើម្បីជំរិតយកលុយពីក្រុមហ៊ុនឡានក្រុង ដែលប្រតិបត្តិការនៅទីក្រុងសំខាន់ៗភាគខាងត្បូង ប្រទេស ឬយ៉ាងណា។

មេបញ្ជាការកងទ័ពភូមិភាគ ឧត្តមសេនីយ Roy Galido បាននិយាយថា ក្រុមហ៊ុនរថយន្តក្រុង  «បានទទួលសារជំរិតទារឥតឈប់ឈរ»។ លោកបានបន្តថា យោធា និងប៉ូលីសបាននឹងកំពុងធ្វើការ ជាមួយម្ចាស់រថយន្តក្រុង ដើម្បីចាប់ខ្លួនអ្នកជំរិតទារប្រាក់ ដែលប្រហែលជាមានការខឹងសម្បារ ចំពោះការបដិសេធរបស់ក្រុមហ៊ុនរថយន្តក្រុងមិនព្រមផ្តល់ជូន៕