អគ្គិភ័យ​ឆាបឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង នៅខណ្ឌកំបូល បំផ្លាញសម្ភារអស់ប្រហែលជិត ៣ម៉ឺនដុល្លារ

 (ភ្នំពេញ​)៖​ អគ្គិភ័យ​ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិស្រែកក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានអគ្គិភ័យ កំពុងឆាបឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្លាមៗ នោះលោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅក្បែរទីតាំងឲ្យចេញជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ហេតុការណ៍គ្រោះអគ្គិភ័យខាង លើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី បានបង្កជាអគ្គិភ័យឆាបឆេះ ហើយក្នុងនោះធ្វើឲ្យខូច ខាតឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង ដែលសង់អំពី ដែកប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ គុណ១០ម៉ែត្រ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន និងរថយន្ត ជំនួយមកពី រថយន្តពន្លត់អគ្គិភ័យ ៩១១ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន, រថយន្តពន្លត់ អគ្គិភ័យកងពលតូចលេខ៧០ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តពន្លត់អគ្គិភ័យ បុរីសង្ឃឹមថ្មី ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។

ចំពោះករណីអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់ អាយុជីវិតប្រជាពលរដ្ឋនោះឡើយ៕