មនុស្សយ៉ាងហោច ១០០នាក់ស្លាប់ និង៣០០នាក់របួស ក្រោយហេតុការណ៍បំផ្ទុះរថយន្ត២លើក បន្តបន្ទាប់គ្នា នៅរដ្ឋធានីប្រទេសសូម៉ាលី

ម៉ូហ្កាឌីស្យូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ប្រាប់អោយដឹងថា នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីសូម៉ាលីបានឱ្យដឹងថា មនុស្សយ៉ាង ហោចណាស់ចំនួន ១០០នាក់បានបាត់បង់ជីវិត និងប្រហែល៣០០នាក់ បានទទួលរងរបួស ក្នុង ហេតុការណ៍បំផ្ទុះ រថយន្ត២លើកបន្តបន្ទាប់គ្នា នៅក្បែរក្រសួងអប់រំក្នុងរដ្ឋធានីម៉ូហ្កាឌីស្យូ (Mogadishu) នៃប្រទេសអាហ្រ្វិកខាងកើតមួយនេះ។

ប្រធានាធិបតីសូម៉ាលី លោក ហាស្សាន ស៉ីអ៉ីក ម៉ូហាមូដ (Hassan Sheikh Mohamud) បាន ប្រកាសឱ្យដឹងដូចខាងលើ បន្ទាប់ពីលោកបានចុះទៅដល់ ទីតាំងរងការវាយប្រហារ។ ហេតុការណ៍ផ្ទុះលើកទីមួយ បានកើតឡើងនៅចំណុចផ្លូវបំបែកដ៏មមាញឹកមួយកន្លែងឈ្មោះ K5 ក្នុងទីក្រុងម៉ូហ្កាឌីស្យូ ខណៈបន្ទុះលើកទីពីរកើតឡើងតាមក្រោយ ស្របពេលរថយន្តសង្រ្គោះបន្ទាន់ បានធ្វើដំណើរមកដល់កន្លែងហេតុ ហើយមនុស្សម្នានាំគ្នាប្រមូលផ្តុំ ដើម្បីជួយជនរងគ្រោះ ក្នុងបន្ទុះ លើកទីមួយ។

មិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារខាងលើ នៅឡើយទេ ប៉ុន្តែលោក ម៉ូហាមូដ បានទម្លាក់កំហុស​ចំពោះ ក្រុមសកម្មប្រយុទ្ធ អាល់ សាបាអាប (al Shabaab) ខណៈជាទូទៅក្រុមសកម្មប្រយុទ្ធនេះ ចៀសវាងចេញមុខធ្វើការអះអាងទទួល​ខុសត្រូវ សម្រាប់ការ វាយប្រហារទាំងឡាយ ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសច្រើនខ្លាំង៕