(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលទទួលបាននៅថ្ងៃទី៣០ ខែតុលានេះ។ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ី អាគ្នេយ៍ ដែលមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ធុរជន ក៏ដូចជា អ្នកជំនាញ មកពីប្រទេសអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន។ កិច្ចប្រជុំនេះ គឺជាវេទិកា ដ៏សំខាន់សម្រាប់ សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន អំពីការ ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍។
កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើក កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសណ្ឋគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ព្រមទាំងមានការអញ្ជើញ ចូលរួម ពីថ្នាក់ដឹកនាំអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាននិងដៃគូអាស៊ាន ស្ថានទូតប្រទេស សមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរជនជាតិ និងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ១០០០ នាក់ នៅទីតាំងពិធី និងប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា អញ្ជើញប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ចូលរួមនិង ផ្សព្វផ្សាយព័ត៌មានអំពី កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖