(មូស្គូ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ អោយដឹងថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពី ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានបន្តរិះគន់លោក ចូ បៃដិន ជុំវិញសង្គ្រាម នៅអ៊ុយក្រែន ជាមួយការបង្ហាញក្ដីរំពឹងថាលោកប្រធានាធិបតីអាមេរិក នឹងមានឆន្ទៈក្នុងការដោះស្រាយការប្រឈម មុខដាក់គ្នា ឱ្យដូចគ្នាទៅនឹងការដោះស្រាយ វិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ ដែរ។
ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋរុស្ស៉ីស្តីពីវិបត្តិមីស៊ីល លោក ឡាវរ៉ូវ បាននិយាយថា ស្ថានភាពសព្វថ្ងៃ គឺវាស្រដៀងគ្នាទៅនឹងឆ្នាំ១៩៦២ ពីព្រោះរុស្ស៉ីកំពុង រងការគំរាមកំហែង ដោយ អាវុធរបស់លោកខាងលិចនៅឯអ៊ុយក្រែន។ លោក ឡាវរ៉ូវ បានគូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ស្ថិត ក្នុងស្ថានភាពដូចសព្វថ្ងៃនេះ លោកប្រធានាធិបតី បៃដិន នឹងមានឱកាសកាន់តែច្រើនដើម្បីយល់ថាតើ នរណាជាអ្នកបង្គាប់បញ្ជា និងរបៀបដែលត្រូវបានបង្គាប់បញ្ជា។ ស្ថានភាពបែបនេះ វា ពិតជារំខាន ខ្លាំងណាស់»។ លោកបន្ថែមថា ភាពខុសគ្នារវាងស្ថានភាពបច្ចុប្បន្ន និងឆ្នាំ១៩៦២ នោះគឺលោក គ្រូសឆេវ (Khrushchev) និងលោក ខេននេឌី (Kennedy) បានបង្ហាញពីទំនួលខុសត្រូវ និងឆន្ទៈ តែសព្វថ្ងៃលោក ឡាវរ៉ូវយល់ថាសហរដ្ឋអាមេរិកមិនទាន់ត្រៀមលក្ខណៈនោះទេ។
អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអត្ថាធិ ប្បាយរបស់លោក ឡារ៉ូវ នោះឡើយ ប៉ុន្តែបានលើកឡើងថា ទីក្រុងវ៉ាស៉ីនតោន កន្លងមកនៅតែ រក្សាទំនាក់ទំនងបើកចំហជាមួយទីក្រុងមូស្គូ។
គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុត រវាងទីក្រុងមូស្គូ និងលោកខាងលិច ចាប់តាំងពីវិបត្តិគុយបា នៅពេលដែលសហភាពសូវៀត និង សហរដ្ឋអាមេរិក ដែលស្ទើរតែនឹងធ្វើឲ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ៕