(កណ្តាល)៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ និងជាអនុប្រធានទី១ គណ:អចិន្ត្រៃយ៍ក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម តំណាង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធាន គណ:អចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯមថ្មីដែលមានទីតាំងស្ថិតនៅ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
សូមជម្រាបដែរថា គម្រោងសាងសង់អគារទីស្នាក់ការគណបក្សស្រុកថ្មីនេះ នឹងសាងសង់លើទំហំ ផ្ទៃដីសរុបប្រមាណជិត ៣ ហិកតា ដោយបែងចែកជាបីផ្នែក រួមមាន៖ ផ្នែកខាងមុខជាទីធ្លាពហុមុខងារ មានលក្ខណៈធំទូលាយ និងមានលម្អដោយដើមឈើ និងសួនផ្កា មួយចំនួន ដើម្បីបង្កភាពងាយស្រួលក្នុងការរៀបចំពិធីជួបជុំធំៗ ដែលមានមនុស្សចូលរួមច្រើនកុះករ ឬប្រើប្រាស់សម្រាប់តម្រៀបក្បួនដង្ហែឃោសនាផ្សេងៗផងដែរ ផ្នែកកណ្ដាលជាទីតាំងអគារ និង ផ្នែកខាងក្រោយមានរៀបចំជាចំណតសម្រាប់ រថយន្ត និងទោចក្រយានយន្តជាច្រើន។
ប្លង់រចនានៃគម្រោងត្រូវបានដកស្រង់រចនាបទមួយចំនួនពីទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងនោះតួអគារទាំងមូលមានទំហំ ២ ៩១០ ម៉ែត្រក្រឡា បណ្តោយសរុបប្រវែង ៥៨ ម៉ែត្រ និងទទឹង ៤៧ម៉ែត្រ ដោយក្នុងនោះមាន សាលប្រជុំធំ ១ អាចទទួលអ្នកចូលរួមបានរហូតដល់ ប្រមាណ ១ ៣០០នាក់ បន្ទប់ប្រជុំធំ ១ បន្ទប់សម្រាប់ទទួលគណៈអធិបតីចំនួន ១ បន្ទប់ការិយា ល័យចំនួន ២ ធំៗ និងបន្ទប់ទីកធំទូលាយសម្រាប់អ្នកចូលរួមដែលមានបែងចែកបុរស និងស្ត្រី។
សំណង់អគារដែលត្រូវបានរៀបចំនាពេលនេះនឹងចូលរួមចំណែកក្នុងការលើកស្ទួយកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជាពង្រឹងប្រសិទ្ធភាពលើការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកល្វាឯម ជាពិសេសសមាជិកសមាជិកាគណបក្ស ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកល្វាឯមឱ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀត៕