(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ នេះ បានបើកកិច្ចប្រជុំពិភាក្សាការងារលើការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគ ដោយ អនុប្បទាន នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យកុងស៊ីបញ្ចាំធ្វើអាជីវកម្មដោយស្របច្បាប់ មិនបង្កបទ ល្មើស ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរកចំណូលជូនជាតិបានថែមទៀត។
កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអគ្គនាយកនៃ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ, ប្រធានសមាគមអ្នកទទួលបញ្ចាំ និងទទួលប្រាតិភោគដោយ អនុប្បទានកម្ពុជា និងគណៈប្រតិភូនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។
លោក ឃួង ស្រេង បានថ្លែងថា កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ដើម្បីស្វែងរកធាតុចូលមួយ យកមក អនុវត្តឲ្យបានល្អ ទាំងអ្នកបើកអាជីកម្មបញ្ចាំនិងអ្នកយកទ្រព្យទៅបញ្ចាំ។ លោកបន្តថា ជាទូទៅ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ កុងស៉ីបញ្ចាំដែលមិនមានច្បាប់ បង្កបទល្មើស ត្រូវតែមានទោសទណ្ឌ។ អាជ្ញាធររាជធានីភ្នំពេញ មិនបានហាមឃាត់ប្រជាពលរដ្ឋ ក្នុងការបើកអាជីវកម្មកុងស៉ីបញ្ចាំនោះទេ តែកុងស៉ីបញ្ចាំនោះត្រូវតែ មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា កុងស៊ីបញ្ចាំនេះ មាន២ រួមមាន៖
ទី១៖ កុងស៊ីបញ្ចាំស្របច្បាប់ បំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ
ខណៈដែលប្រជាពលរដ្ឋមាន បញ្ហាអ្វីមួយ ហើយយកទ្រព្យរបស់ពួកគាត់ទៅបញ្ចាំដើម្បីដោះស្រាយ
ទី២៖ កុងស៊ីបញ្ចាំមិនស្របច្បាប់
បានបង្កហានិភ័យសម្រាប់ប្រជាពលរដ្ឋ ដោយបង្កឲ្យមានបទ ល្មើសលួចឆក់ប្លន់។
ឯកឧត្តម បន្ថែមថា សម្រាប់ពេលនេះ ពោលគឺក្រោយពីអាជ្ញាធររាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងកុងស៊ី បញ្ចាំខុសច្បាប់ ជាទ្រង់ទ្រាយធំននៅក្នុងរាជធានីភ្នំពេញ ឃើញថា បទល្មើសលួចឆក់ ប្លន់ ធាក់យក ម៉ូតូ បានស្ងប់ស្ងាត់ ដែលការងារនេះ ត្រូវតែបន្តអនុវត្តឲ្យកាន់តែល្អប្រសើរថែមទៀត៕