អូស្រ្តាលីប្រកាសបញ្ជូនទ័ពទៅអង់គ្លេស ដើម្បីបង្ហាត់ទាហានអ៊ុយក្រែន ព្រមទាំងផ្តល់រថពាសដែកបន្ថែម


 (កង់បេរ៉ា)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ អោយដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ អូស្រ្តាលីបានប្រកាសថា ខ្លួននឹងបញ្ជូនកងទ័ព ៧០នាក់ ទៅកាន់ចក្រភពអង់គ្លេស ដើម្បីជួយបង្វឹកទាហានអ៊ុយក្រែននៅទីនោះ ហើយនឹងផ្តល់រថ ពាសដែកចំនួន ៣០គ្រឿងបន្ថែមទៀត ដើម្បីជួយទីក្រុងកៀវប្រយុទ្ធប្រឆាំង ក្នុងសង្រ្គាមឈ្លាន ពានរបស់រុស្ស៉ី។

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា កងទ័ព អូស្រ្តាលីខាងលើ នឹងធ្វើដំណើទៅដល់​ចក្រភពអង់គ្លេសនៅខែមករា ឆ្នាំ២០២៣។ លោក ម៉ាល បានលើកឡើងដូច្នេះថា «យើងដឹងច្បាស់ថា អ៊ុយក្រែនត្រូវការការគាំទ្ររយៈពេលវែង ប្រសិនបើ យើងចង់ជួយឱ្យអ៊ុយក្រែនស្ថិតនៅជំហរមួយ ដែលអាចដោះស្រាយវិបត្តិនេះ តាមលក្ខខណ្ឌដែល អុយក្រែនចង់បាន»។ សម្រាប់រថពាសដែក៣០គ្រឿង ដែលអូស្រ្តាលីនឹងផ្តល់ឱ្យទីក្រុងកៀវបន្ថែម នោះ គឺប្រភេទ ដឹ ប៊ូសម៉ាស្ទើ (The Mushmaster)។

គួរបញ្ជាក់ថា អូស្រ្តាលីគឺជាប្រទេសមិនមែនសមាជិកអង្គការ NATO ដែលបានចូលរួមចំណែកដ៏ ធំមួយ ទៅក្នុងកិច្ចប្រឹងប្រែងគាំទ្ររបស់​ក្រុមលោកខាងលិចសម្រាប់អ៊ុយក្រែន ដោយបានផ្តល់ ជំនួយនិងសម្ភារយោធាផ្សេងៗដល់ទីក្រុងកៀវ ហើយដាក់បម្រាមការនាំចេញ​វត្ថុធាតុដើមសំខាន់ៗ ទៅកាន់ប្រទេសរុស្ស៉ីថែមទៀតផង។ មិនតែប៉ុណ្ណោះ អូស្រ្តាលីក៏បានដាក់ទណ្ឌកម្មលើបុគ្គលនិង ស្ថាប័នរុស្ស៉ីរាប់រយផងដែរ។ កញ្ចប់ជំនួយចុងក្រោយ នាំឱ្យការគាំទ្ររបស់អូស្រ្តាលីសម្រាប់អ៊ុយ ក្រែន កើនដល់ខ្ទង់៦៥៥លានដុល្លារអូស្រ្តាលី ឬស្មើនឹង៤២៥លានដុល្លារអាមេរិក គិតចាប់តាំង ពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ៕