សហរដ្ឋអាមេរិក ពិចារណាបញ្ជូន ប្រព័ន្ធមីស៊ីលការពារដែនអាកាស HAWK ឱ្យអ៊ុយក្រែន

 (វ៉ាស៊ីនតោន)៖  តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ គឺ សហរដ្ឋអាមេរិក កំពុងពិចារណាបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស រយៈចម្ងាយមធ្យមស៊េរីចាស់ ហាក (HAWK) ទៅឱ្យអ៊ុយក្រែនដើម្បីទប់ទល់ ប្រឆាំងយន្ដហោះដ្រូន និងមីស៊ីលគ្រូសរបស់រុស្ស៉ី។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិក ២នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំង២រូបដដែលបានឱ្យដឹងថា រដ្ឋបាលលោក បៃដិន នឹង ប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី Presidential Drawdown Authority (PDA) ដើម្បីបញ្ជូន ប្រព័ន្ធការពារដែនអាកាស HAWK ដែលត្រូវ បានផលិតដោយប្រើបច្ចេកវិទ្យាសម័យសង្រ្គាមវៀត ណាម ប៉ុន្តែត្រូវបានធ្វើបច្ចុប្បន្នភាពជាច្រើនលើក។ PDA អនុញ្ញាតឱ្យប្រធានាធិបតីអាមេរិក អនុម័តលើការបញ្ជូន អាវុធយកចេញពីឃ្លាំងស្ដុកអាវុធរបស់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លង កាត់ការអនុម័តជាមុនពីសភាអាមេរិក ដើម្បីឆ្លើយតបនឹងភាពអាសន្ន ឬបន្ទាន់។

គួរបញ្ជាក់ថា​ ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានសង្រ្គាមអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធា ពិសេស កាលពីថ្ងៃទី២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយ យោធាជាង ១៧.៦ពាន់លាន ដុល្លារហើយឱ្យទីក្រុងកៀវ៕